ឯកឧត្តម ស សុខា នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា អ្នកមានជម្ងឺអេដស៍ និងពិកា១០០គ្រួសារនៅខណ្ឌពោធិ៍សែនជ័យ ក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩


ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំថវិកាមួយចំនួនដែលជារបស់ផ្ទាល់ខ្លួនលោក និងភរិយា ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ លោកតា លោកយាយ ចាស់ជរា អ្នកមានជម្ងឺអេដស៍ ជនពិការ និងក្រីក្រ១០០គ្រួសារ នៅទូទាំងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការ ខ្វះខាតរបស់ពួកគាត់ទាំងនោះ ក្នុងពេលកំពុងកើតមានជម្ងឺកូវីដ១៩។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមដោយលោ ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យជាច្រើនរូបទៀតផងដែរ។

អំណោយដែលបានចែកជូននាពេលនោះក្នុង១គ្រួសារៗទទួលរួមមាន៖ អង្ករ១បាវទម្ងន់៣០គីឡូក្រាម, មី ត្រីខ ទឹកត្រី ទឹកស៊ីវអ៊ីវ សារុង ក្រមា និងថវិកាចំនួន ៥ម៉ឺនរៀល ដែលជាអំណោយរបស់លោក ស សុខា និងភរិយា។

នៅក្នុងឱកាសនោះឯកឧត្តម ស សុខា បានថ្លែងថា អំណោចដែលបងប្អូនទទួលបាននាពេលនេះ ថ្វីដ្បិតតែមានចំនួនតិចតួចមែន ប៉ុន្តែនេះគឺជាទឹកចិត្តដែលបានគិតគូដល់បងប្អូន ដែលកើតចេញពីពីសំណាក់រូបលោកផ្ទាល់ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ព្រមទាំងសប្បុរសជនផងដែរ ខណៈបច្ចុប្បន្នភាពកូវីដធ្វើឲ្យសេដ្ឋកិច្ចរួមក្នុងគ្រួសារមានការប៉ះពាល់។

មួយវិញទៀត ជាការជួយសម្របសម្រួលជីវភាពបងប្អូនលោកយាយលោកតា ពូមីង ដូច្នេះហើយតាមកាយវិការដ៏អស្ចារ្យនេះ គឺបានផ្ដល់ភាពកក់ក្ដៅដល់បងប្អូនទាំងអស់គ្នា តាមរយៈការផ្ដល់ អំណោយ ហើយលោកដឹងថា អំណោយទាំងនេះមិនអាចឲ្យប្រើប្រាស់បានយូរទេ ប៉ុន្តែជាការចូលរួមកាត់បន្ថយការលំបាកខ្វះខាតដល់បងប្អូន។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា បច្ចុប្បន្ននេះកូវី១៩ កំពុងវាយលុកមិនថា តែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ គឺរីករាលដាលនៅទូទាំងពិភលោក ហើយនៅមិនទាន់មានប្រទេសណាមួយ មានវ៉ាក់សាំងសម្រាប់ចាក់ការពារបានជាក់លាក់នៅឡើយទេ។ ដូច្នេះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តការពារ និងថែរក្សាខ្លួនត្រូវមានអនាម័យការរស់នៅហូបចុក ឲ្យបានល្អ ទោះបីជាម៉ោងនេះប្រទេសកម្ពុជាយើង មិនមានការឆ្លងលក្ខណៈទ្រង់ទ្រាយធំ ហើយជម្ងឺដែលយើងទទួលបានគឺសុទ្ធតែបាននាំចូលពីក្រៅប្រទេស តែយើងមិនត្រូវភ្លេច និងធ្វេសប្រហែសឡើយ។

ឯកឧត្តមបញ្ជាក់ថា «នៅប្រទេសកម្ពុជាយើង មានភ័ព្វសំណាងដែលមានការយកចិត្តទុកដាកពីរាជរដ្ឋាភិបាល និងអន្តរក្រសួង រួមមាន ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ តែងយកចិត្តទុកដាក់ទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗ ជាពិសេសកូវីដ១៩ នេះបានល្អ តែយើងមិនត្រូវមើលស្រាលជំងឺនេះឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច»