គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម


គម្រោងផលិតឯកសារវីដេអូ «អង្គរ និងលើសពីនេះ» បានចាប់ផ្តើម
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ក្នុងការផលិតឯកសារវីដេអូក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោងដែលមានឈ្មោះថា «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ ក្រុមការងារនៃសារព័ត៌មានថ្មីៗ ដែលមានកិច្ចសហការ និងការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមចុះមកផលិតព័ត៌មានឯកសារនានាដែលទាក់ទងក្នុងតំបន់រមណីយដ្ឋានអង្គរ។
នៅថ្ងៃចាប់ផ្តើមនៃកម្មវិធី ក្រុមសារព័ត៌មានថ្មីៗ បានធ្វើកិច្ចសម្ភាស ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ពីគោលបំណងរួមនៃកម្មវិធី ក៏ដូចជាផលិតឯកសារស្ដីពីកំពែង ការសម្អាតប្រាសាទជាដើម។ល។ កម្មវិធីនេះ នឹងបន្តចុះមកផលិតឯកសារវីដេអូជាបន្តបន្ទាប់ ជុំវិញរឿងរ៉ាងទាក់ទងនឹងតំបន់រមណីយដ្ឋានអង្គរ។
អង្គរ និងលើសពីនេះ…! គឺជាកម្មវិធីផ្តោតជាពិសេសទៅលើតម្លៃប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ធម្មជាតិ (សត្វ និងព្រៃ) បុរាណដ្ឋាន តំបន់ប្រវត្តិសាស្រ្ដ ម្ហូបអាហារ សម្លៀកបំពាក់។ល។ ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិយាយជារួម និងនិយាយដោយឡែកនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ដោយមានការផ្តួចផ្តើមគំនិត និងយល់ព្រមសហការដោយអាជ្ញាធរជាតិអប្សរា នឹងព្យាយាមផលិតឯកសារវីដេអូប្រវត្តិសាស្រ្ដទាក់ទងទៅនឹងតំបន់អង្គរបន្ថែមទៀតទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ឯកសារវីដេអូនេះអាចនឹងឡើងជាពីរភាសា មានភាសាខ្មែរ និងអង់គ្លេស៕