ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ នាយកសាលា ប្រធានមណ្ឌលសុខភាព ប្រធានភូមិ យុវជនឃុំ ចំនួន ២ ឃុំ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ នាយកសាលា ប្រធានមណ្ឌលសុខភាព ប្រធានភូមិ យុវជនឃុំ ចំនួន ២ ឃុំ គឺឃុំរកាពប្រាំ និងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សរុបប្រមាណជាង១៥០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានណែនាំ និងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់ឲ្យបានសុខទុក្ខប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ឯកឧត្តមបានបន្តថាការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលជំងឺកូវីដ-១៩ ជាជំងឺ រាតត្បាតជាសកល ។
បន្ទាប់មក ឯកឧត្តម ប្រាជ្ញ ចន្ទ បានឧបត្ថម្ភក្រមាចំនួន ១៥០ និងប្រគល់ថវិកាជូនដល់សាលាឃុំរកាពប្រាំ និងឃុំថ្មពេជ្រ ចំនួន២លាន សាលាស្រុកត្បូងឃ្មុំ ចំនួន១លានរៀលផងដែរ។