នៅខេត្តសៀមរាប សម្រាប់ព្រឹកថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍កសិកម្មសំរោងមាន ជ័យ ដែលពិធីនេះបានរៀបចំធ្វើនៅក្នុងកសិដ្ឋានបន្លែរបស់លោក ឈាវ ហុង នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគម។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ថា ខេត្តមាន ៥៥ សហគមន៍កសិកម្មបានចុះបញ្ជីរួច (សហគមន៍ផលិតស្រូវពូជ ស្រូវចំណី ចិញ្ចឹមសត្វ ផលិតចំណីសត្វ បន្លែ វារីវប្បកម្ម និងសេវាកម្មធាតុចូលកសិកម្ម) ដោយមានទុនសរុប ៣ ៧៧៣លានរៀល មានសមាជិក ៧ ៩៧៩នាក់ ស្រ្តី ៦៣៤៦នាក់។ ដោយឡែក ស្រុកសូត្រនិគម មានសហគមន៍កសិកម្មចំនួន ៧ ក្នុងនោះមានសហគមន៍ ២ ផលិតបន្លែសុវត្ថិភាព មានសមាជិក ១០៦២នាក់ ស្រ្តី ៨៦៨នាក់ ទុនសរុប ៥២០លានរៀល។ បន្ទាប់មក លោកឈាវ ហុង (កសិករគំរូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ) បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីបានជ្រាបអំពីប្រវត្តិនៃការប្រកាន់យកអាជីពដាំបន្លែ ជីគ្រប់មុខ ផលិតស្រូវពូជ ចិញ្ចឹមមាន់ បណ្តុះផ្សិត និងចិញ្ចឹមត្រីជាបន្តបន្ទាប់។ ពីមួយឆ្នាំទៅមួយឆ្នាំអាជីវកម្មនេះមានការវិវឌ្ឍន៍រីកចម្រើនជាបន្ត បន្ទាប់ដោយសារមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ និងគម្រោងកម្មវិធីផ្សេងៗបានមកជួយជាបច្ចេកទេស និងសម្ភារចាំបាច់សម្រាប់ដោលរុញឲ្យផលិតកម្មបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជទទួលបានជោគជ័យដូចបានឃើញនាពេលនេះ។ ពីផ្ទៃដី ១ហត នៅពេលចាប់ផ្តើម បច្ចុប្បន្នផ្ទៃដី ៥ហត ពោរពេញដោយផ្ទះសំណាញ់ រោងមាន់ និងស្រះចិញ្ចឹមត្រី ដោយបានរៀបចំផែនការដាំ និងចិញ្ចឹមប្រចាំថ្ងៃ ខែ និងឆ្នាំ មានបច្ចេកទេសដាំ ចិញ្ចឹម យកចិត្តទុក ដាក់ ឧស្សាហ៍ព្យាយាម មានគោលដៅច្បាស់លាស់ និងក្តាប់បានពីតម្រូវការទីផ្សារ ធ្វើឲ្យគាត់ទទួលបានជោគជ័យ។ ត្រង់ចំណុចនេះ លោកបានផ្តាំទៅកសិករដែលកំពុងផលិតគួរអនុវត្តតាមគាត់ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យកសិកម្មស្របពេលដែលវិស័យមួយចំនួនកំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩។ លោកពូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយទឹក មុខសប្បាយរីករាយថា កន្លងមកលោកបានទទួលសិស្សមកពីវិទ្យាល័យសំរោងមកធ្វើទស្សនកិច្ចសិក្សារៀងរាល់ខែ ហើយផែមទាំងបានទៅចូលរួមចែករំលែងបទពិសោធន៍ជូនសហគមន៍កសិកម្មជាច្រើនទូទាំងខេត្តទៀតផង។
ឯកឧត្តមរដ្ឋ មន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅក្នុងស្រុកសូត្រនិគមឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញកសិដ្ឋានទទួលបានជោគ ជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និរន្តរភាពនៃការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាពនៃការ ផលិត និងការចែករំលែកបទពិសោធន៍។ល។ កត្តាវិជ្ជមានទាំងអស់នេះ ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលលោកពូទទួលបាន នាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនសមាជិកសហគមន៍ថា សមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវរបស់លោកពូ ឈាវ ហុង ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
ស្ថិតក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកំពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយការនាំចូល។ ការដាំ ដំណាំ ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វបានផលហើយ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្តតាមការធ្វើកសិកម្មល្អ (GAP) ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែកកូនកង្កែបពូជបន្លែ ចំណី និងថវិកាមួយចំនួនជូនដល់សមាជិកសហគមន៍ផងដែរ។