សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានគ្រប់គ្នា ជាពិសេសការពារខ្លួនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ក្នុងឱកាសនៃពិធីកាន់បិណ្ឌ ដែលនឹងចូលមកដល់នៅ៣ថ្ងៃទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។
ជាមួយគ្នានេះ សម្តេចតេជោក៏មិនភ្លេចជូនពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ជូនប្រទះតែក្តីរីករាយ និងធ្វើដំណើរជិតឆ្ងាយ ទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូន! នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុត ពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារឧស្សា ហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។
នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះ គឺមានអ្នកឆ្លងសរុប ២៤,៨៥៤,១៤០នាក់ ស្លាប់ ៨៣៨,៩២៤នាក់ និងករណីកើតថ្មីចំនួន ២៦៥,៨៨៨ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះ មានអ្នកឆ្លងសរុប ២៧៤នាក់ បានជាសះស្បើយចំនួន២៦៦នាក់ និងមានអ្នកឆ្លងថ្មីចំនួន០១នាក់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមឲ្យការធ្វើដំណើរជិតឆ្ងាយ ទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»៕