ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ JDS


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូនិស្សិតអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤រូប មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ លើកឡើងពីសារៈសំខាន់នៃការសិក្សា និងតួនាទីយុវជនដែលត្រូវខំប្រឹងប្រែងសិក្សា ហើយជាឱកាសដ៏ល្អអាចពង្រឹងជំនាញ និងចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកត្តាសុខសន្តិភាព បាននាំឱ្យកម្ពុជាមានការីកចម្រើនរហូតដល់សព្វថ្ងៃ ហើយក្នុងនោះប្រជាពលរដ្ឋក៏មានការគិតគូខ្ពស់ជាងមុនចំពោះវិស័យបរិស្ថាន ជាពិសេសផ្នែកទេសចរណ៍ធម្មជាតិ កំពុងទទួលការទាក់ទាញកំណើនអ្នកទេសចរណ៍ទៅកម្សាន្តតាមតំបន់ធម្មជាតិនានា។