សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១


នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១។
ផ្លូវជាតិលេខ៥១នេះ ធ្វើការតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្រុកឧត្តុង ទៅផ្លូវជាតិលេខ៤ ថ្នល់ទទឹង ស្រុកអង្គស្នួល មានប្រវែង៣៧.៩៥គីឡូម៉ែត្រ ក្រោមហិរញ្ញប្បសម្បទានពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងនឹងបញ្ជប់នាឆ្នាំ២០២០។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវនេះ នឹងក្លាយផ្លូវតភ្ជាប់សំខាន់ និងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញផ្នែកខាងក្រៅ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅនឹងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយផាសុកភាពកាត់បន្ថយពេលវេលាដឹកជញ្ជូន ។