អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អំឡុង​ពេលបើកឱ្យ​ដំណើរការសាលារៀនឡើងវិញ


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងពិនិត្យមើលការ​អនុវត្ត​ស្តង់ដារ​អនាម័យ ក្នុង​អំឡុង​នៃ​​ការ​បើកឱ្យ​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុងដំណាក់កាលទី២ នៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងក្រុងបាត់ដំបង ក្រោយក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្អាកការសិក្សាសាលារៀនជាបណ្ដោះ អាសន្នកន្លងមកនេះ ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ក្រសួងអប់រំបានចេញសេចក្តីណែនាំដល់គ្រឹះ ស្ថានសិក្សាទាំងអស់ ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។  នៅមុនបើកទ្វារសាលារៀននេះនៅតាមគ្រឹះ ស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើសកម្មភាពបោសសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀន រៀបចំកន្លែងលាងដៃ រៀបចំបន្ទប់ទឹកឱ្យស្អាត។ ចំណែកសម្រាប់ថ្នាក់រៀន ត្រូវមានកម្រិតសិស្សមិនឱ្យលើសពី ២០នាក់ទេ ពោលគឺចាប់ពី១៥នាក់ទៅ២០នាក់ ក្នុងមួយថ្នាក់ ហើយត្រូវមានការវិភាគឆ្លាស់គ្នាក្នុងការចូលរៀនផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូនៅសាលារៀន ដោយនៅតែរក្សាការបង្រៀនពីចម្ងាយ(ONLINE) ឱ្យនៅដដែល ។

សម្រាប់សិស្សានុសិស្សដែលរៀននៅសាលា តម្រូវឱ្យមានការរក្សាគម្លាតឱ្យបានច្បាស់លាស់ ដោយគោរពតាមគោលការណ៍អនាម័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំណត់ ក៏ដូចជាគោលការណ៍អនាម័យរបស់អង្គការសុខភាពពិភពលោក ។ ត្រូវមានការវាស់កម្ដៅនៅច្រកទ្វាររបង បាញ់អាល់កុល និងធ្វើការលាងដៃមុននឹងចូលបន្ទប់រៀន ហើយត្រូវរៀបចំវេចខ្ចប់អាហារមកពីផ្ទះ ដោយក្រសួងមិនអនុញ្ញាតិឱ្យមានការលក់ដូរនៅក្នុងបរិវេណសាលា នៅក្រៅរបងជាប់សាលាឡើយ ដើម្បីកាត់បន្ថយការជួបជុំគ្នានៅកន្លែងលក់ដូរចំណីអាហារ នៅពេលចេញលេងសម្រាក ។

ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ម៉ាសចំនួន ១ម៉ឺន និងទឹកអាល់កុលចំនួន ៧៥០លីត្រ ដល់លាលារៀននៅក្នុងក្រុង តាមរយៈលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាអំណោយរបស់ ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តល់ជូនបន្តដល់លោកគ្រូ អ្នកគ្រ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕