រដ្ឋមន្ដ្រីក្រសួងសាធារណការ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ


ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ជួបសំណេះសំណាលជាមួយ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានជម្រាបអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រយៈពេល៤ខែមកនេះជូនទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុលផងដែរ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា រយៈពេលរឹតបន្ដឹងនេះ គឺមានការថយចុះទាំងចំនួនគ្រោះថ្នាក់ចរាចរណ៍ ថយចុះចំនួនអ្នកស្លាប់ និងថយចុះចំនួនអ្នករបួស នៅលើដងផ្លូវ។

នាយឧត្តមសេនីយ៍ អគ្គស្នងការបានបន្ថែមទៀតថា ដោយសារកត្តាសុខសន្ដិភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនបាននិងកំពុងធ្វើដំណើរតាមផ្លូវទៅកាន់វត្តអារាមនានា នៅទូទាំងប្រទេស ហើយទន្ទឹមគ្នានោះ មន្ដ្រីក្រសួងសាធារណការ និងមន្ដ្រីនគរបាល ក៏កំពុងរួមគ្នាដើម្បីការពារប្រជាពលរដ្ឋ និងអនុវត្តច្បាប់ចរាចរណ៍ផងដែរ។

បន្ទាប់ពីបញ្ចប់ការបង្ហាញអំពីសមិទ្ធផលរបស់កងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុកជំនួបសំណេះសំណាលរវាង ថ្នាក់ដឹកនាំក្រសួងសាធារណការ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជាកាយវិការមួយដ៏កក់ក្ដៅ ដើម្បីបន្ដរួមដៃគ្នាបម្រើប្រជាពលរដ្ឋ សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានថ្លែងអំណរគុណដល់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលជានិច្ចជាកាលតែងតែឧបត្ថម្ភជាសម្ភារ និងថវិកាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយនាយឧត្តមសេនីយ៍ បានប្ដេជ្ញាចិត្តថា បន្ដអនុវត្តរួមគ្នាដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានការពារសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងការពារបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សុខសន្ដិភាពនេះហើយ អាចបង្កលក្ខណៈឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន មានឱកាសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបើគ្មានសុខសន្ដិភាព គ្មានសណ្ដាប់ធ្នាប់ទេនោះ ក្រសួងគ្មាន ឱកាសដើម្បីកសាងហេដ្ឋារចនាសម្ព័ន ជូនប្រជាពលរដ្ឋនោះឡើយ។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញអំពីការរីកចម្រើន និងសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាន ពិសេសពាក់ព័ន្ធជាមួយការកែទម្រង់ឲ្យក្លាយជាប្រព័ន្ធទំនើបកម្ម ដើម្បីដើរឲ្យទាន់បច្ចេកវិទ្យាពិភពលោកផងដែរ។

ក្នុងជំនួបនោះទាំងឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទាំងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សុទ្ធតែបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពររៀងៗខ្លួនផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏ទទួលយកនូវសំណូមពរទាំងអស់នោះ ដើម្បីបញ្ជូនបន្ដទៅអ្នកពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាន់តែមានចំនួនទាប។

គួរជម្រាបថា ក្រោយបញ្ចប់ជំនួបឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បានប្រគល់អំណោយមួយចំនួន ជូនអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ រួមមាន ឧបករណ៍ត្រួតពិនិត្យល្បឿន និងគ្រឿងឧបភោគ បរិភោគជាច្រើនផ្សេងទៀត៕