អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ស្នើ​ដល់​អាជ្ញាធរខេត្ត​ស្វាយរៀង​ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​ពង្រឹង​វិធា​នក​ការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ថែមទៀត​


​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ បុប្ផា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានស្នើ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ដ​ស្វាយរៀង ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ថែមទៀត ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើតមាន​បទល្មើស​គ្រឿងញៀន ជាពិសេស​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន​។ ការស្នើ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ បុប្ផា បាន​កោត​ស​សើរ​ដល់​ក្រសួង ស្ថាប័ន គណៈកម្មាធិការ​ត្រូតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល បាន​ខិតខំ​រួមគ្នា​ប្រកបដោយ​ការទទួលខុសត្រូវ​សម្រេចបាន​នូវ​លទ្ធផល​បានល្អ​ប្រសើរ​លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​នាំមក​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​កាល​: ទេស​:​ដែល​ប្រទេស​កម្ពុជា​និង​ពិភពលោក​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​រួមគ្នា​អនុវត្តន៍​នូវ​ទិសដៅ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សម្រាប់​ឆមាស​ទី​២ ដើម្បី​បន្ត​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ភាពសុខសាន្ត និង​ការអភិវឌ្ឍ​រីកចម្រើន​ជូន​ប្រជាពលរដ្ឋ ពិសេស​សហការ​ជាមួយ​ប្រទេសជិតខាង​បង្ក្រាប​បទល្មើស​ឆ្លងដែន ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ព្រោះ​ឈ្មួញ​ទុច្ចរិត​អាច​បង្វែរ​ទៅ​កែឆ្នៃ​គ្រឿងញៀន​ខុសច្បាប់​។ ទន្ទឹមនេះ ផ្សព្វផ្សាយ​អប់រំ ត្រួតពិនិត្យ​ដល់​អ្នកបើកបរ ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​-១៩ ។​

លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក ណែនាំ​ដល់​គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បន្ត​ផ្ដោត​ការយកចិត្តទុកដាក់ ចាត់តាំង​អនុវត្តន៍​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន​ពិសេស​ការចាត់តាំង​អនុវត្តន៍​វិធានការ​ទាំង​៥ នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។ លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ជំរុញ​ឱ្យ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ចលនា​ឱ្យមាន​ការចូលរួម និង​គាំទ្រ​ពី​គ្រប់​សមាសភាព នៃ​សង្គម សំដៅ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ក្រុម​គោលដៅ​ទាំងអស់ បានទទួល​ការផ្សព្វផ្សាយ​អប់រំ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប៉ុន្តែ​រាល់​សកម្មភាព​ចលនា ផ្សព្វផ្សាយ​អប់រំ​ត្រូវ​ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាពិសេស​នៅតាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ទី​សប្បាយដ្ឋាន​នានា និង​តំបន់​ដែលមាន​លក្ខណៈ​ស្មុគស្មាញ បើទោះបីជា​ទីតាំង​ខ្លះ​មិន​ដំណើរការ​ដោយសារ​កូ​វីដ​-១៩​ក៏ដោយ​។ ចំពោះ​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការអនុវត្តន៍​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​អប់រំ​ណែនាំ និង​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់ខ្លួន​ឱ្យបាន​តឹងរ៉ឹង​បំផុត​។
​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​រម្លឹក​សាជាថ្មី​ម្ដងទៀត​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចៀសវាង​ឱ្យបាន​ជាដាច់ខាត​នូវ “​កុំ​៤” គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ ។

លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ បុប្ផា បានស្នើ​ដល់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឱ្យបាន​ច្បាស់លាស់​នូវមុខ​សញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជាពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រកបមុខរបរ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវ​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា ខណៈ​មាន​បទល្មើស​កើតឡើង​។
​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ដ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​កាល​:​ទេស​:​ណាក៏ដោយ ក៏​នៅតែ​បន្ត​កែទម្រង់​លើ​គ្រប់​វិស័យ​ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​ពិសេស​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សំដៅ​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពល រដ្ឋ។

ឯកឧត្ដម​អភិបាលខេត្ដ​បាន​វាយ​ម្លៃ​ខ្ពស់​នូវ​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២០ និង​បាន ស្នើ​សុំឱ្យ​អ្នកពាក់ព័ន្ធ​នៅ​ខេត្តស្វាយរៀង​បន្ត​អនុវត្តន៍​ការងា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដូច ភ្លៀងរលឹម បង្កើន​ការផ្សព្វផ្សាយ​អប់រំ​បង្ការ​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​បន្ថែមទៀត និង​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ទាំង​ជនបទ និង​ទីប្រជុំ​៕​