រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យ ILO ជម្រុញការវិនិយោគលើតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកាត់ដេរ


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ប្រតិភូអង្គការអន្តរជាតិខាងការងារ (International Labour Organization–ILO) ជួយជម្រុញឲ្យមានការវិនិយោគលើតម្លៃបន្ថែមខ្ពស់ក្នុងវិស័យកាត់ដេរ និងទាក់ទាញអ្នកបញ្ជាទិញម៉ាកល្បីៗដាក់បញ្ជាទិញបន្ថែមទៀតពីកម្ពុជា។
សំណើរនេះត្រូវធ្វើឡើង នៅក្នុងជំនួបជាមួយក្រុមការងារ ILO-BFC ដឹកនាំដោយលោក Maurizio Bussi មន្ត្រីទទួលបន្ទុកការិយាល័យអង្គការអន្តរជាតិខាងការងារសម្រាប់ប្រទេស ថៃឡង់ដ៏ កម្ពុជា និងឡាវ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការ ILO ក្នុងការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia-BFC) ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌ និងសែ្បកជើង តាមបទដ្ឋានអន្តរជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ BFC ដែលបានចូលរួមទាក់ទាញវិនិយោគិននៅទីក្រុងហុងកុង មកបណ្តាក់ទុនផ្នែកផលិតកាបូបដាក់សម្ភារៈធ្វើដំណើរ ដែលកម្ពុជាបានទទួលភាពអនុគ្រោះពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក។
លោក Maurizio Bussi តំណាង ILO-BFC បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានបន្តគាំទ្រគម្រោងនេះ ដើម្បីជម្រុញ និងបន្តនិរន្តរភាពវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។