ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា «យុវជនពិតជាដើរតួនាទីសំខាន់ ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹង អំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធ្វើឱ្យកម្ពុជាបៃតង មានបរិស្ថាន ស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅ របស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀត»។
ការលើកឡើងបែបនេះ របស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសលោកបានចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន និងកម្មវិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ ដែលមានចូលរួមអប់រំ ផ្សព្វផ្សាយអនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមនៅឱកាសបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំកន្លងទៅ។
ក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាននេះ គឺជាការថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តទាំងឡាយ ដែលតែងតែបានចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ ក្នុងពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យអ៊ុទូកជាដើម និងក៏ជាការទទួលស្គាល់ចំពោះស្មារតីនៃការទទួលខុសត្រូវ ក្នុងនាមជាប្រជាពលរដ្ឋដែលបានលះបង់ពេលវេលា កម្លាំង
កាយកម្លាំងចិត្តចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា សកម្មភាពដែលក្រុមយុវជនស្ថាប័ន និងអង្គភាពផ្សេងៗបានរួមគ្នា សម្អាតអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យជាតិធំៗ គឺជាការចូលរួមអប់រំ និងផ្សព្វផ្សាយ បណ្តុះស្មារតី ប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមទៀតថា «ក្រសួងបរិស្ថានតែងតែលើកទឹកចិត្ត និងផ្តល់នូវសេចក្តីគោរពសរសើរចំពោះរូបវន្តបុគ្គល និងនីតិបុគ្គលទាំងឡាយដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានពោល គឺចូលរួមសម្អាតអនាម័យបរិស្ថានទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះ មុននឹងបន្ថែមថាប្រជាពលរដ្ឋគ្រប់រូបមានភារកិច្ចចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាធនធានធម្មជាតិដែលមាន ហើយការលើកទឹកចិត្តចំពោះអ្នកដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អ គឺជាភាពចាំបាច់ ដើម្បីជំរុញបំផុសស្មារតីស្រឡាញ់បរិស្ថានឱ្យកាន់តែច្រើនទៀតនៅក្នុងចំណោមប្រជាពលរដ្ឋ។
បើតាមការឱ្យដឹងរបស់ ឯកឧត្តម នេត្រ ភក្ត្រា នៅក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនលើបញ្ហាបរិស្ថាន ប៉ុន្តែការចូលរួមនៅមានកម្រិតនៅឡើយ ហើយមានភាពចាំបាច់ណាស់ក្នុងការជំរុញការប្រែក្លាយពីការយល់ដឹងទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យកាន់តែច្រើនឡើង។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាសម្បូណ៌ដោយបេតិកភណ្ឌវប្បធម៌ ធម្មជាតិមានរមណីយដ្ឋានទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិឱ្យមកទស្សនាហើយបរិស្ថានស្ថាន ទេសភាពល្អស្អាតមិនបំពុលដោយសំណល់សំរាម សំណល់ ប្លាស្ទិក និងបរិស្ថានកខ្វក់ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរថែមទៀត។ ដូច្នេះចាំបាច់ដែលយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថានប្រចាំ។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូខ្ពស់នៅឆ្នាំ ២០៥០ ក្នុងចក្ខុវិស័យបរិស្ថាន គឺកម្ពុជា ឆ្នាំ២០៥០ គុណភាពបរិស្ថាន និងនិរន្តភាពបរិស្ថានត្រូវបានធានាហើយប្រជាពលរដ្ឋនឹងមានចំណេះដឹងខ្ពស់ និងចូលរួមកាន់តែសកម្មក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិស្របទៅតាមការ វិវឌ្ឍរបស់ប្រទេស និងពិភពលោក៕