ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតលើកទី២៩


នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០២០ លើកទី២៩ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។

កិច្ចប្រជុំផ្តោតសំខាន់លើការពិនិត្យពិភាក្សា  ស្ដីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថានភាពទេសចរនៅក្នុងខេត្តកំពតនាអំឡុងពេលភ្ជុំបិណ្ឌ បញ្ហាប្រឈម សំណូមពរ និងតម្រូវការ នៅមូលដ្ឋានដើម្បីធ្វើយ៉ាងណារួមគ្នាដោះស្រាយ និងអនុវត្តន៍ ឱ្យមានប្រសិទ្ធភាព តម្លាភាព។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក្រុង ស្រុក បានសហការអនុវត្តសម្រេចលទ្ធផលការងារបានល្អប្រសើរក្នុងរយៈពេលជាង៨ខែ ឆ្នាំ២០២០នេះ គួរឱ្យកត់សម្គាល់សម្រាប់រដ្ឋបាលខេត្តកំពត។  ក្នុងនោះរក្សាការពារ ធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោះស្រាយបានរាល់បញ្ហាប្រឈម សំណូមពរ តម្រូវការ ជូនប្រជាពលរដ្ឋ ជួបការលំបាក ដោយគ្រោះធម្មជាតិឬបញ្ហាផ្សេងៗ នៅមូលដ្ឋានបានទាន់ពេលវេលា។ ពិសេសក្នុងឱកាសភ្ជុំបិណ្ឌឈប់សម្រាករយៈ ពេល៥ថ្ងៃនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់ បានជាប់ជាចំណាត់ថ្នាក់ លេខ៣ ទូទាំងប្រទេសតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា លទ្ធផលទាំងនេះផ្ដើមចេញពីកិច្ចខិតខំរបស់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកបានរួមសហការគ្នា អនុវត្តផែនការការងាររដ្ឋបាលខេត្តបានល្អ ដោយពុំមានបាតុភាពអសកម្ម ឬបទល្មើស និងបញ្ហាធំដុំឡើយ ថែមទាំងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ តាមមូលដ្ឋាន ពិសេសការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលប្រកបដោយប្រសិទ្ធភាពពុំមានការឆ្លងនៅក្នុងសហគមន៍ឡើយ។

ក្នុងឱកាសនោះ ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដី ក្នុងតំបន់ការពារធម្មជាតិជូនប្រជាពលរដ្ឋ ដែល បានកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំកន្លងមក ដែលផែនការនេះអនុវត្តន៍តាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

ជាមួយនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់មន្ត្រីនៃ មន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចំពោះ ការងារនេះប្រកបដោយតម្លាភាពប្រសិទ្ធភាព ហើយបើមានមន្ត្រីណាមានការអនុវត្តផ្ទុយពី ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យលេចចេញជាបាតុភាពអសកម្ម សូម ប្រញាប់ដកខ្លួនចេញ និងអនុវត្តន៍ឱ្យមានការប្រុងប្រយ័ត្ន ហើយអាជ្ញាធរក៏មិនត្រូវចុះហត្ថ លេខា បញ្ជាក់លើឯកសារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីដោយពុំមានការវាយតម្លៃ ឬមានតម្លា ភាពជាក់លាក់ចំពោះការសុំកាន់កាប់ដី នៅក្នុងតំបន់ការពារធម្មជាតិនេះឡើយ៕