គណៈកម្មការជំនាញ បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភាបញ្ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យ និងសម្រេចបន្ត បន្ទាប់ពីគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា បានពិនិត្យរួចរាល់។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការជំនាញទាំងដប់នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន បានបើកកិច្ចពិភាក្សា និងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី បានឡើងការពារសេចក្តីព្រាងច្បាប់នេះ នៅចំពោះមុខគណៈកម្មការជំនាញរបស់រដ្ឋសភានៅថ្ងៃម្សិលមិញនេះ។

លោកជំទាវ និន សាផុន បានលើកឡើងក្នុងការពិនិត្យថា កន្លងមកគណៈកម្មការបានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សានិងបានធ្វើការកែសម្រួលលើខ្លឹមសារ ពាក្យពេចន៍អក្ខរាវិរុទ្ធ នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមទម្រង់ច្បាប់។

ក្នុងជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គណៈកម្មការ ក៏បានស្ដាប់នូវការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាលយ៉ាងក្បោះក្បាយ និងបានយល់ច្បាស់គ្រប់ជ្រុងជ្រោយ។ លោកជំទាវលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងជាឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ ជាងនេះទៅទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធិភាព រវាងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ហើយដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ មានគោលបំណងសំខាន់ចំនួន៥រួមមាន៖ ទី១) ធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីនៃកិច្ចព្រមព្រាងតាមរយៈលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ, ទី២) ធ្វើសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មសេវាកម្មឲ្យបានច្រើនវិស័យ, ទី៣) ជំរុញនិងលើកកម្ពស់កាលានុវត្តភាពវិនិយោគ, ទី៤) ពង្រឹងការធ្វើពិពិធកម្មលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្មវិនិយោគនិងសេដ្ឋកិច្ចរវាងភាគីទាំងអស់ និងទី៥) ផ្តល់ប្រព្រឹត្តិបត្តិកម្មពិសេសដល់សមាជិកអាស៊ាន ជាពិសេសសមាជិកអាស៊ានចូលថ្មី ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

ក្រោយកិច្ចប្រជុំរវាងគណៈកម្មការជំនាញនៃរដ្ឋសភាជាមួយតំណាងរាជរដ្ឋាភិបាល ដែលបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង មកជជែកពិភាក្សាគ្នា។ នៅចុងបញ្ចប់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៕