ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ចុះទស្សនកិច្ចនៅវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង


គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបេសកកម្មក្នុងខេត្តបាត់ដំបង ដោយការចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ នេតយ៉ង់។

ដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែម ពីផលលំបាកបង្កដោយ វិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យ ក្នុងការអនុវត្តដំណើរការបើកឡើងវិញ ក្នុងដំណាក់កាលទី២ ក៏ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយ គណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួមនៃស្ថានភាពវិស័យអប់រំ ក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ ក៏ដូចជាប្រតិភូគណៈកម្មការ បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលា ក្នុងការដាក់ចេញវិធានការ ជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែនាំនានា ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ទន្ទឹមនេះ គណៈកម្មការ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំចូលរួមសហការជាមួយ ថ្នាក់ដឹកនាំសាលា ក្នុងការបន្តបង្រៀនដល់ សិស្សានុសិស្ស បើទោះជាវិបត្តិកូវីដ១៩ បាននិងកំពុងបង្កការលំបាក ដែរទាមទារឲ្យមានការចំណាយកម្លាំង និងពេលវេលាច្រើន ក្នុងការកែច្នៃ រិះរកយុទ្ធសាស្រ្តបង្រៀន ស្របតាមសភាពការណ៍ និងការប្រើប្រាស់អ្វីដែលមានក្នុងដៃ ឲ្យអស់ពីសមត្ថភាព ដើម្បីធានាការផ្តល់ការអប់រំ ដល់សិក្សានុសិស្ស ជាពិសេសក្នុងដំណាក់កាលការបើកសាលាឡើងវិញ៕