អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈជាង៤០០បង្គោល ក្នុងក្រុងស្វាយរៀង ដែលបានដាច់នឹងត្រូវរៀបចំផ្លាស់ប្តូរបំភ្លឺឡើងវិញ ចាប់ពីខែក្រោយទៅ


ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈជាង៤០០បង្គោល ដែលបានដាច់ដោយកន្លែង នៅក្នុងក្រុងស្វាយរៀង នឹងត្រូវរៀបចំផ្លាស់ប្តូរបំភ្លឺឡើងវិញទាំងអស់ចាប់ពីថ្ងៃទី០១ ខែខែតុលា ឆ្នាំ២០២០ខាងមុខនេះតទៅ។ ទន្ទឹមនោះ ក៏មានរៀបចំដាក់នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។

ការលើកឡើងរបស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស ការចូលរួមផ្សព្វផ្សាយ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

ក្នុងនោះឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា៖

១៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។

២៖ រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជំរុញផ្សព្វផ្សាយការធ្វើអត្ថសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ។

៣៖ រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការបង់ពន្ធអចលនទ្រព្យគ្រប់ប្រភេទឱ្យ បានមុនការកំណត់នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០នេះ។

៤៖ មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។

៥៖ បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។

៦៖ ជំរុញការធ្វើរូប «ឡូហ្គូ» តំណាងរដ្ឋបាលក្រុងស្រុកនីមួយៗ និងរៀបចំនូវខ្លឹមសារ អត្ថន័យនៃឡូហ្គូក្រុងស្រុកនីមួយៗ ឲ្យបានត្រឹមត្រូវ៕