គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​ បានជួបប្រជុំជាមួយគណៈអភិបាលខេត្តប៉ៃលិន​


គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​ បានបន្តដំណើរពីខេត្តបាត់ដំបង​ ទៅខេត្តប៉ៃលិន​ ជួបប្រជុំជាមួយគណៈអភិបាលខេត្តប៉ៃលិន​ ដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។
នេះជាលើកទីពីរ ដែលគណៈកម្មការទី៧ បានចុះបេសកកម្មក្នុងខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បី ស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា​ ការចុះបំពេញបេសកកម្មព្រឹកថ្ងៃនេះ​ មានភាពខុសប្លែកពីឆ្នាំមុន ដោយគណៈកម្មការទី៧បានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តប៉ៃលិនផ្ទាល់ និងវិធានការជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក។