អង្គការយូនីសេហ្វ កោតសសើរកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលកម្ពុជាកំពុងអនុវត្តន៍


លោកស្រី Foroogh Foyouzat ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២០នេះលោកស្រីបានកោតសសើរ និងបង្ហាញការសារទរចំពោះកិច្ចការដែលកម្ពុជាកំពុងអនុវត្តន៍ ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជាច្រើនពេញផ្ទៃប្រទេស។

លោកស្រីចាត់ទុកថា នេះជាកិច្ចការដ៏ធំដែលកម្ពុជាសម្រេចបាន ស្របពេលដែលរាជរដ្ឋាភិបាលកំពុងព្យាយាមក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។

ក្នុងនាមជាប្រធានអង្គការ យូនីសេហ្វប្រចាំកម្ពុជា លោកស្រីមើលឃើញដែរថា វិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើនមានការធ្លាក់ចុះ នេះក៏ជាដើមហេតុសំខាន់ធ្វើឱ្យកុមារប្រឈមនឹង ពលកម្មកុមារ និងឈានទៅរកការជួញដូរកុមារផងដែរ។ យ៉ាងណាមិញ លោកស្រីថា ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះពិតជាដំណោះស្រាយយ៉ាងល្អប្រសើរ ដោយជួយឱ្យគ្រួសារក្រីក្រជាច្រើនអាចទ្រទ្រង់ការរស់នៅរបស់ខ្លួន និងបញ្ចៀសកុមារឱ្យផុត ពីបញ្ហាពលកម្មកុមារ និងការជួញដូរកុមារ។

ក្រៅពីកោតសសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រីក៏បញ្ជាក់ដែរថាអង្គការយូនីសេហ្វ នឹងបន្តជួយគាំទ្រកម្ពុជា ក្នុងការបំពេញការងារដ៏មានសារៈសំខាន់នេះ។ សព្វថ្ងៃអង្គការ យូនីសេហ្វបានរួមចំណែក ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ តាមការជួយការងារបច្ចេកទេស ការកសាងប្រព័ន្ធ និងកិច្ចការប្រតិបត្តិការនានា។

ក្នុងឱកាសជួបពិភាក្សាការងារនេះដែរ ឯកឧត្តម វង សូត បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលតែងជួយគាំទ្រលើការងារជាច្រើន ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងជម្រាបដល់ អង្គការយូនីសេហ្វថា ខណៈពេលនេះកម្ពុជាកំពុងអនុវត្តការឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងជុំទី ២លើកទី២ សម្រាប់ខែកញ្ញា ដោយមានគ្រួសារក្រីក្រទទួលផលប្រមាណ ៦៩ម៉ឺនគ្រួសារ ហើយរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៣១លានដុល្លារអាមេរិក។

ឯកឧត្តមក៏សង្ឃឹមដែរថា ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ នឹងនៅតែបន្តទៅជុំខាងមុខទៀត។ យ៉ាងណាមិញ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ពុំទាន់បានសម្រេចថា បន្ត ឬមិនបន្តសម្រាប់ជុំថ្មីនោះទេ៕