រដ្ឋបាលខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល លើការអនុវត្តការងារ


នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា គណៈអភិបាល ការអនុវត្តមុខងារ និងធនធាន និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង មានរយ:ពេល៤ថ្ងៃ ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, គ្រូឧទ្ទេសមកពីនាយកដ្ឋានផ្សព្វផ្សាយនៃក្រសួងមហាផ្ទៃ ថ្នាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានាក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតចូលរួមផងដែរ។

ឯកឧត្តម ងួន រតនៈ បានរំលឹកដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ខ្លឹមសារសំខាន់ៗ រហូតដល់ពេលបញ្ចប់វគ្គប្រកបដោយជោគជ័យ។

ក្នុងពិធីនេះដែរ គ្រូឧទ្ទេសបានឡើងធ្វើការសម្របសម្រួល និងឡើងធ្វើបទបង្ហាញលើស្លាយ ដើម្បីពន្យល់អំពីមេរៀនសំខាន់ៗ ដែលត្រូវយកមកបង្ហាញដល់សិក្ខាកាមទាំងអស់បានស្តាប់ និងអាចឡើងមានយោបល់ ការផ្លាស់ប្តូរបទពិសោធន៍ និងបញ្ចេញមតិដល់គ្រូឧទ្ទេស ដើម្បីទទួលមតិយោបល់ពីគ្រូឧទ្ទេសត្រឡប់មកវិញផងដែរ៕