កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ របស់លេខារដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)ខេត្តព្រះវិហារ


លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់គ.ខ.ប.ជ ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលរបាយការណ៍រយៈពេល៩ខែ ឆ្នាំ២០២០ ដើម្បីពិនិត្យពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ដក្នុងក្របខណ្ឌកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, លោកស្រី ឧត្តមសេនីយ៍ត្រី ប្រាំង ធីតា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃគ.ខ.ប.ជ ព្រមទាំងលោក លោកស្រីក្រុមការងារជំនាញទាំង៦ អង្គការដៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវ ចឹក ហេង បានជំរុញឲ្យក្រុមការងារទាំង៦ យកចិត្តទុកដាក់ និងលើកកម្ពស់ប្រសិទ្ធភាព នៃការបង្ការទប់ស្កាត់រាល់បទល្មើសកុំឲ្យកើតមានឡើង និងបន្តអនុវត្តន៍សកម្មភាព ចុះផ្សព្វផ្សាយអំពីច្បាប់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យកាន់តែយល់ដឹង អំពីការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ អំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា អំពើជួញដូរមនុស្សនៅតែបន្តកើតមាន ក្នុងចំណោមប្រជាជនចល័តចំណាកស្រុក ជាពិសេស ជនទេសន្តរប្រវេសន៍ មិនប្រក្រតី ឬមិនតាមប្រព័ន្ធច្បាប់ ដូចច្នេះចាំបាច់ត្រូវ ពង្រឹងការយល់ដឹង ការគ្រប់គ្រងការអនុវត្តច្បាប់ និងពង្រឹងកិច្ចសហការរវាងអង្គភាព ស្ថាប័នគ្រប់លំដាប់ថ្នាក់ ទាំងនៅក្នុងស្រុក ឬតាមព្រំដែនក្នុងការអនុវត្តផែនការបង្ការទប់ស្កាត់ អនុវត្តច្បាប់ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព។

លោកជំទាវ ចឹក ហេង ក៏បានដាក់ទិសដៅអនុវត្តបន្ត ដើម្បីឲ្យសម្រេចគោលដៅនៃការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សសម្រាប់ឆ្នាំបន្ទាប់ ដោយបន្តពង្រឹងកិច្ចសហការក្នុងការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្សគ្រប់រូបភាព ពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា បន្តការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យយល់ដឹងអំពីល្បិចកល បោកប្រាស់ របស់ជនខិលខូច ដូចជាមេខ្យល់ដើរឃោសនាលួងលោមអូសទាញឲ្យទៅរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសស៊ើបអង្កេតជាប្រចាំនៅតាមបណ្ដាកន្លែងកំសាន្តសប្បាយ សប្បាយរដ្ឋាន ខារ៉ាអូខេ ផ្ទះសំណាក់ រកបទល្មើសអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមារ និងចូលរួមយ៉ាងសកម្មក្នុងគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព បន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។