ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ទទួលឯកសណ្ឋានបណ្ឌិតកិត្តិយសករុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្តពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ


(ភ្នំពេញ)៖ ដោយពិនិត្យឃើញពីគុណតំលៃ និងរាល់ស្នាដៃការងារដែលបានប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយះពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន ទើប សាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយស ករុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូនឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ជាជំហានដំបូងមុនទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីព្រះមហាក្សត្រថៃដែលគ្រោងធ្វើនៅប្រទេសថៃនាដើមឆ្នាំ២០២១ ខាងមុខនេះ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បាននាំយកមកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសនេះមកប្រគល់ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន។

នៅក្នុងឱកាសនោះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក Panyarak Poolthup បានសំដែងសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានធ្វើជាតំណាងអោយសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃនាំយកនូវឯកសណ្ឋានបណ្ឌិតកិត្តិយសមកជូនឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះលោករដ្ឋមន្ត្រីដែលបានបម្រើការងារជាយូរមកហើយជូនរាជរដ្ឋាភិបាលដើម្បីជួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថេរភាពសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយនៅក្នុងសមិទ្ធផលជា ច្រើនរបស់ប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់ របស់ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានធ្វើអោយយល់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពដើម្បីជា ប្រយោជន៍ដល់ប្រទេស និងសង្គមទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន ប្រទេសថៃ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសជូននា ឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នាក្នុងការប្រឹងប្រែងកសាងចំណេះជូនប្រជាជនក៏ដូចជាការកសាង ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។

ទន្ទឹមជាមួយគ្នានេះដែរលោករដ្ឋមន្រ្តី បានសំដែងនូវអំណរគុណចំពោះឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏ដូចជាសហការីដែលក្នុងរយះ ពេលកន្លងមកនេះ បានធ្វើជាស្ពានក្នុងការធ្វើជាចំណងទាក់ទំនងរវាងប្រជាជនកម្ពុជា ថៃ ក៏ដូចធ្វើទំនាក់ទំនងរវាងរូបលោក និងឥស្សរជនជាន់ខ្ពស់ថៃ។

ឯកឧត្តមរដ្ឋមន្ត្រី  បានបញ្ជាក់ដែរថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលលោកទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការចូលរួមកសាងជាតិនិងមាតុភូមិ កម្ពុជា ។

តាមការបញ្ជាក់របស់លោកបណ្ឌិត សាត ដារ៉ា អគ្គនាយករង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិត កិត្តិយសនេះ ជូនលោក ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចឡូជី ប្រាក់ណាខន តំណាងព្រះមរបរាជវាំងប្រទេសថៃ ដោយគេមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន៥របស់ លោករដ្ឋមន្រ្តី រួមមាន៖

* លក្ខន្តិក:ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះទៅធ្វើការតស៊ូមតិដោះស្រាយបញ្ហារវាងកម្ពុជា ថៃ ដែលមានបញ្ហានៅព្រំដែនទាំងក្នុងនិងក្រៅប្រទេស។

* លក្ខន្តិក:ទី២៖ គឺការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិប្បត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយថៃ ដោយបានជួយកាត់បន្ថយ និងនាំអោយមានការឯកភាពគ្នា។

* លក្ខន្តិក:ទី៣៖ លោក ខៀវ កាញារីទ្ធ មានវីរភាព ក្នុងកិច្ចការពង្រឹងខាងផ្នែកសារព័ត៌មានអោយមានលក្ខណះល្អប្រសើរ។

* លក្ខន្តិក:ទី៤៖ និង ចំណុចទី៥៖ លោករដ្ឋមន្រ្តី គឺជាមនុស្សដែលប្រមុខរាជរដ្ឋាភិបាលទុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មានបានដោយរលូន និងមានលទ្ធផលល្អ។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត សាត ដារ៉ា បានអោយដឹងថា បើសិនជាគ្មានការប្រែប្រួល និងបញ្ហានៃជំងឺកូវីត១៩ បានធូរស្រាលទៅវិញនោះ សញ្ញាបត្របណ្ឌិត កិត្តិយសនេះ គ្រោងនឹង ធ្វើពិធីប្រគល់ជូនដល់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នៅកំឡុងខែកុម្ភះ ឆ្នាំ ២០២១ នៅព្រះបរមរាជវាំងប្រទេសថៃ ដោយព្រះមហាក្សត្រថៃតែម្តង៕