ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឲ្យមន្រ្ដី បុគ្គលិក និងអាជ្ញាធរមីន ប្រកាន់យកគោលការណ៍ ៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីន ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីនទាំងអស់ ត្រូវប្រកាន់យកគោលការណ៍ ៥ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ នៅក្នុងស្ថាប័ន៖

* យកចិត្តទុកដាក់ខ្ពស់ ពោរពេញដោយក្តីគោរពស្រឡាញ់
* ផ្តល់ភាពជឿទុកចិត្តបាន
* មានការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណតម្លៃ គោលដៅ និងស្តង់ដាររបស់យើង
* ធ្វើការជាប្រចាំ
* ឲ្យមានភាពក្លាហាន ចំពោះអ្វីដែលបានធ្វើ ផែនការរបស់យើង និងជម្នះនូវអ្វីដែលយើងមិនចង់ធ្វើ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថែមទាំងបានជំរុញឲ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដោយត្រូវកំណត់ឲ្យបានច្បាស់នូវការងារណាជាការងារអាទិភាព និងជាស្នូលរបស់នាយកដ្ឋាននីមួយៗ។ លោកបានបន្តជំរុញឲ្យមានការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ ក្រោមជាតិ ដៃគូ ប្រតិបត្តិករជាតិ-អន្តរជាតិ និងស្ថាប័នជាតិ-អន្តរជាតិ ផងដែរ។

ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរមីនប្រចាំត្រីមាសទី៣ រួមទាំងការអនុវត្តគម្រោងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ដូចជា៖ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល, NPA-DFID, UNICEF, Peaceland Foundation, និង HDR& D។

ឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក អាជ្ញាធរមីន ចំពោះលទ្ធផលការងារដែលបានសម្រេច នាពេលកន្លងមក។
នាយឧត្ដមសេនីយ៍ បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អាជ្ញាធរមីន ដូចខាងក្រោម៖

* បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការពារសុខសន្តិភាព និងការពារ សម្តេចតេជោ ដែលជាស្ថាបនិក និងជាបិតាសន្តិភាព
* រួមគ្នាតម្កល់ផលប្រយោជន៍ជាតិជាធំ និងធ្វើឲ្យស្ថាប័នអាជ្ញាធរមីន មានទំនើបនីយកម្ម
* ធ្វើការដោយអនុវត្តន៍តាមតួអង្គ ចំនួន ៥ រួមមាន៖ រាជរដ្ឋាភិបាល អាជ្ញាធរមីន អគ្គលេខាធិការ នាយកដ្ឋាន និងមន្ត្រី បុគ្គលិក
* ប្រមូលផ្ដុំគ្នា ដើម្បីបញ្ចប់ការងារដែលនៅសេសសល់ នៅឆ្នាំ២០២០
* ត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ ៥ ឆ្នាំ
* បន្តយកចិត្តទុកដាក់ លើមន្រ្តី បុគ្គលិកចាស់ជារៀមច្បង
* ធ្វើការកែលម្អការងារមួយចំនួន៕