អតីតមន្ត្រីដោះមីនស៊ីម៉ាក់ជាង១ពាន់នាក់ហើយ ទទួលការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ប្រយោជន៍ទទួលរបបសោធនពីក្រសួងការពារជាតិ


គិតមកដល់ដើមខែតុលា ឆ្នាំ២០២០នេះ មន្ត្រីចូលនិវត្តន៍ ពិការភាព និងពលីដែលជាអតីតមន្រ្តីរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចំនួន១០១៣នាក់ហើយ ទទួលបានការបញ្ចូលក្របខណ្ឌ និងផ្តល់ឋានន្តរស័ក្តិក្នុងជួរកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានរបបយោធន ពេលចូលនិវត្តិន៍។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមដើមខែតុលានេះ អតីតមន្ត្រីជំនាញស៊ីម៉ាក់ចំនួន៤វគ្គមកហើយ ដែលត្រូវបានកាត់បញ្ចូលក្របខណ្ឌនេះ ដោយវគ្គទី១ ចំនួន៤០៩នាក់, វគ្គទី២ ចំនួន១២២នាក់, វគ្គទី៣ ចំនួន១៥៨នាក់ និងវគ្គទី៤ ចំនួន៣២៤នាក់។

ជាមួយគ្នានេះ លោក ហេង រតនា សូមថ្លែងអំណរគុណដល់គណៈកម្មការបញ្ចូលក្របខ័ណ្ឌ និងផ្តល់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដែលបានបំពេញការងារយ៉ាងមមាញឹក និងប្រកបដោយតម្លាភាព និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចំពោះការផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកំលាំងអង្គភាពស៊ីម៉ាក់ និងជាពិសេសសូមគោរពសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានសំរេចផ្តល់ក្របខ័ណ្ឌ និងផ្តល់ឋានន្តរស័កិ្តកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីអង្គភាពស៉ីម៉ាក់ ប្រយោជន៍ផ្តល់របបយោធន ដល់កំលាំងអង្គភាពជាតិនេះ។

សូមជម្រាបថា ជាការដឹងគុណចំពោះអតីតមន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ អ្នកបាត់បង់លទ្ធភាពពលកម្ម ពិការ ឬគ្រួសារនៃអ្នកដែលបានស្លាប់ ឬពលីកន្លងមករបស់ស៊ីម៉ាក់ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន។

អតីតមន្ត្រីដោះមីនរបស់ស៊ីម៉ាក់ ដែលចូលនិវត្តន៍ទាំងអស់ សុទ្ធតែបង្ហាញនូវក្តីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំផ្សេងៗទៀត ដែលបានយកចិត្តទុកដាក់គិតគូរ ពីជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ នៅពេលបញ្ចប់ការងារបម្រើជាតិមាតុភូមិ៕