ស្ពានបេតុងខ្សែកាប តម្លៃ៣៨លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ខែតុលា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ សម្តេចនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា។ ស្ពានមួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។

ការឲ្យដឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្នុង ឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»

តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនទៅមុខជាលំដាប់របស់កម្ពុជានៅពេលនេះ ធ្វើឲ្យក្រុមអ្នកប្រឆាំងមិនដែលពេញចិត្ត និងកោតសរសើរឡើយ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា សម្តីអ្នកទាំងនោះ គឺជាសម្តីអត់ប្រយោជន៍ ប្រៀបបាននឹងសំឡេងសត្វសុនកព្រុសអញ្ចឹង។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ ក្នុងនោះ៖

* ទទឹងស្ពាន មានទំហំ ២៤.៥ម៉ែត្រ
* បណ្តោយស្ពានបេតុង មានប្រវែង ៤៨៣ម៉ែត្រ (សសរស្ពានមានគំលាត ២០ម៉ែត្រ+២១ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +២៣ម៉ែត្រ +២៣ម៉ែត្រ)
* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងទីក្រុងកោះពេជ្រ មានប្រវែង ២៤៩ម៉ែត្រ
* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងគម្រោងកោះនរា មានប្រវែង ៩២ម៉ែត្រ
* ទទឹងតភ្ជាប់ក្បាលស្ពានសរុបទាំងផ្លូវស្របក្បាលតួស្ពាន មានទំហំ ២១.៥០ម៉ែត្រ
* ទទឹងតភ្ជាប់ក្បាលស្ពាន សម្រាប់តែស្ពានមេ មានទំហំ ២៤.៥០ម៉ែត្រ
* គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣.២៥ម៉ែត្រ មាន ២គន្លងទៅ និង ២គន្លងមក
* គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ២.៥០ម៉ែត្រ មាន ១គន្លងទៅ និង ១គន្លងមក
* គន្លងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង មានទំហំ ១.២៥ម៉ែត្រ សងខាង
* ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោង
* ជម្រាលទទឹងស្ពាន ២ភាគរយ
* សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់ ៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស
* សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន ២ ក្នុងនោះសសរស្ពាននីមួយៗប្រើប្រាស់គ្រិះខួងចំនួន ១៨ដើម អង្កត់ផ្ចិតទំហំ ២ម៉ែត្រ
* ប្រវែងគ្រិះខួង មានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ សសរស្ពានទី១ មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរស្ពានទី២ មានជម្រៅ ៧៣.៤០ម៉ែត្រ

* ផ្នែកខាងកោះពេជ្រ មានសសរស្ពាន ៣
– សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣០.៩០ម៉ែត្រ
– សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣១.៤០ម៉ែត្រ
– សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៣.៥០ម៉ែត្រ

* ផ្នែកខាងគម្រោងកោះនរា មានសសរស្ពាន ៣
– សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤១.១០ម៉ែត្រ
– សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤៧.០០ម៉ែត្រ
– សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៧.២០ម៉ែត្រ

* ជើងតាងស្ពាន មានទំហំអតិបរិមា ២៤.៣ គុណនឹង ១៧.៧ម៉ែត្រ កម្រាស់ ៤.៥០ម៉ែត្រ
* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ៨ម៉ែត្រ (កម្រិតទឹកនៅរដូវវស្សាខ្ពស់បំផុត)
* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ១៨ម៉ែត្រ (កម្រិតទឹកនៅរដូវប្រាំងទាបបំផុត)
* គម្លាតពីសសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ
* សសរស្ពានខ្សែកាបនីមួយៗ មានខ្សែកាបចំនួនមួយជួរ ១៦ដើមសងខាង ដោយក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗ ពី ២៧ ទៅ ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រ
* សសរស្ពានខ្សែកាបទាំង ២ដើម មានឆ្លាកចំលាក់ក្បាច់ខ្មែរជាពិសេស
* មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
* រៀបចំបណ្តាយលូអមសងខាងផ្លូវក្បាលស្ពាន
* ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។

អំពីព័ត៌មានគម្រោងស្ពានបេតុងខ្សែកាបកោះនរា៖

* គម្រោង៖ សាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទីគម្រោងកោះនរា
* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ម្ចាស់គម្រោង៖ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ៣៨,០០០,០០០ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៨២៤ម៉ែត្រ
* ទទឹងស្ពាន៖ ២៤.៥០ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៨៣ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ៣៤១ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ៣៥ខែ។

សូមជម្រាបថា ក្រៅពីកសាងស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរា ក្រុមហ៊ុន OCIC ក៏បានបង្ហាញគម្រោង ស្ពានបេតុងភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ផងដែរ ដែលគម្រោងនេះ រួមមាន៖

* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ថវិកាសាងសង់៖ ១,៦០៦,៣៥៣ដុល្លាអាមេរិក
* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)
* បណ្តោយស្ពាន៖ ៦០ម៉ែត្រ
* ទទឹងស្ពាន៖ ២១ម៉ែត្រ
* បណ្តោយស្ពានបេតុង៖ ៤៥ម៉ែត្រ
* ផ្លូវគល់ស្ពានសងខាង៖ ១៥ម៉ែត្រ (បេតុងអារមេ)
* រយៈពេលសាងសង់៖ ១២ខែ៕