ក្រសួងបរិស្ថាន ដាំកូនឈើ ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ដែនជម្រកសត្វព្រៃភ្នំសំកុស


ពោធិ៍សាត់ ៖ នៅថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តពោធិ៍ សាត់ បានរៀបចំពិធីដាំកូនឈើចំនួន ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។

ការដាំកូនឈើនាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ-១៩ និងបង្កើនការចូលរួមរបស់អ្នកពាក់ព័ន្ធឱ្យស្រឡាញ់ អភិរក្សជីវៈចម្រុះ និងបង្កើនគម្របព្រៃឈើ នៅក្នុងតំបន់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិ។

ការដាំកូនឈើនេះបាន ដោយមានការគាំទ្រ និង ចូលរួមពីតំណាងអង្គការ UNDP តំណាងអង្គការ RECOFTC រដ្ឋបាលស្រុកវាលវែង មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងស្រុកវាលវែងផងដែរ៕