សិក្ខាសាលាស្ដីពីសមាហរណកម្ម រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ និងការិយាល័យជំនាញ


កំពង់ឆ្នាំង ៖នៅថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាពឯកឧត្ត ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង  និងមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយា ល័យជុំវិញស្រុក មេឃុំ ចៅសង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍ ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ទី១.ដើម្បីជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ។ ទី២.ដើម្បីបង្កឱកាសដល់ការគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ស្រុក និងឃុំ ដែលពុំមានមូលនិធិអនុវត្តន៍ ។ ទី៣.ដើម្បីធ្វើការសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង សកម្មភាពវិនិយោគស្រុក ឃុំ មន្ទីរ ចក្ខុស័យ និងបណ្តាដៃគូអភិវឌ្ឍន៍ ដោយពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំនិងភាគគីពាក់ព័ន្ធនានា ដោយអនុវត្តន៍ស្របតាមសេក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

ឯកឧត្តមបានជំរុញ ឱ្យមន្ត្រីរដ្ឋបាលក្រុងស្រុកធ្វើយ៉ាងណា ធានានូវគោលការណ៍ ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានានូវអត្ថប្រយោជន៍នានា របស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ធានានូវនិរន្តរភាពការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការផ្តល់សេវានានា ទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្ម ឱ្យមន្ត្រីជំនាញនៃវិស័យនីមួយៗ ត្រូវបានធ្វើសមាហរណកម្ម ទៅក្នុងការិយាល័យ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

ឯកឧត្តមបានបន្តទៀតថា ការដាក់បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងក្រុងកំពង់ឆ្នាំង និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានាដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកប ដោយសុក្រឹតភាព ។

ឯកឧត្តមបានសំណូមពរ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់  ត្រូវចូលរួមសម្របសម្រួល សហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តន៍ការងារ តាមភារកិច្ច ដែលបានកំណត់ពាក់ព័ន្ធ នឹងដំណើរការធ្វើសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ សម្រេចឱ្យបាននាដើមឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តមអភិបាលរងខេត្ត ក៏ បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានល្អទ្វេដង  ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការ កសាងផែនការអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំង មានការរីកចម្រើនលើគ្រប់វិស័យ៕