សម្ពោធដាក់ឲ្យប្រើប្រាស់អគារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន កោតសរសើរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលខំបង្ក្រាបបទល្មើសបានជោគជ័យច្រើន


(ភ្នំពេញ)៖ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលចំណាយថវិកាសាងសង់ ជាង៦៦ម៉ឺនដុល្លារអាមេរិក ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងកោតសរសើរដល់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបង្ក្រាបបទល្មើស ទទួលបានជោគជ័យយ៉ាងច្រើន ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល និងកិច្ចការពារបុណ្យជាតិនានា។

ឯកឧត្តមនាយឧត្តសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ភាពជោគជ័យទាំងនេះ គឺបានមកពីកិច្ចសហការគ្នា បានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ទាំងនគរបាល និងកងរាជអាវុធហត្ថ ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការបង្ក្រាបបទល្មើស។

ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ បានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញបានល្អ ហើយដើម្បីធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាពថែមទៀតនោះជាទិសដៅរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក, ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់អត្តសញ្ញាណប័ណ្ណតាមច្រកចេញចូលតែមួយ ដែលគ្រោងនឹងអនុវត្តនៅពេលដ៏ឆាប់ខាងមុខនេះ។

ពាក់ព័ន្ធនឹងការសម្ពោធខាងលើនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមើលឃើញអគារ នៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញ មានលក្ខណៈចាស់ទ្រុឌទ្រោម ទើបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចឲ្យសាងសង់ជាអគារថ្មីឡើងវិញ ដោយមានកម្ពស់៥ជាន់ មាន២៧បន្ទប់ ចំណាយថវិកាអស់ចំនួនជាង៦៦៨,០០០ដុល្លារ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការកសាងអគារនេះផងដែរ ក្រសួងមហាផ្ទៃ ក៏ត្រៀមនឹងធ្វើការសាងសង់ អធិការដ្ឋានគរបាលខណ្ឌចំនួន០៤បន្ថែមទៀតផងដែរ ដែលក្នុងនោះមានដូចជា អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ព្រែកព្នៅ កំបូល និងខណ្ឌមានជ័យ៕