គណៈអភិបាលខេត្តកណ្តាល បើកកិច្ចប្រជុំការងារ ដើម្បីប្រមើមើលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា


គណៈអភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំការងាររបស់ខ្លួន នៅសាលាខេត្ត នារសៀលថ្ងៃទី០៧ ខែតុលាម្សិលមិញនេះ ដើម្បីប្រមើមើល អំពីវឌ្ឍនភាព ការងារនិងបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីពិនិត្យពិភាក្សា លើរបៀបវារៈ សំខាន់ៗជាច្រើន រួមមាន៖ ១. ពិនិត្យ និងពិភាក្សាសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាម២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល, ២.ពិនិត្យ និងពិភាក្សាស្តីពីគោលការណ៍ណែនាំបន្ថែមលើការអនុវត្តសារាចរលេខៈ ០០៣ សហវ.អថ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយលើកទី២ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ ក្នុងការអនុវត្តថវិការដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២០។

៣. ពិនិត្យ និងពិភាក្សាការកែសម្រួលចំណុចខ្វះខាតតាមលិខិតលេខៈ២៣៤១ សជណ ស្តីពីការអនុលោមភាពផែនការអនុវឌ្ឍន៍៥ឆ្នាំ(២០២០-២០២៤) របស់រដ្ឋបាលខេត្ត, ៤. ពិនិត្យ និងពិភាក្សាលិខិតលេខៈ ១០២៧សក-កណ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ស្តីពីសំណើសុំថវិកា សម្រាប់តម្លើងភ្លើងស្តុបមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

៥-ពិនិត្យ និងពិភាក្សាលិខិតលេខៈ៣៨៩/២០ ព.ម.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ស្តីពីការរៀបចំបង្កើតស្ថានីយវិទ្យុជាតិ FM93.5Mhz ខេត្តកណ្តាល, ៦. ពិនិត្យ និងពិភាក្សាសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋាបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែតុលា ឆ្នាំ២០២០៧ និង៧. ផ្សព្វផ្សាយ លិខិតលេខៈ៧០១ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ, លិខិតលេខៈ២៨៨៤ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។

មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាលវាយតម្លៃខ្ណស់ ចំពោះសកម្មភាពរបស់របស់គណៈអភិបាលខេត្ត ក្នុងការដឹកនាំអនុវត្តកំណែទម្រង់សុីជម្រៅ ក្នុងក្របខណ្ឌ គោលនយោបាយ របស់រាជរដ្ឋាភិបាល បានធ្វើអោយខេត្តកណ្តាល សំរេចបាននូវសមិទ្ធផលធំៗជាច្រើនដោយផ្សារភ្ជាប់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត សំណូមអោយអង្គប្រជុំទាំងមូល រួមគ្នាពិនិត្យពិភាក្សាដោយផ្តោតសំខាន់លើរបៀបវារៈខាងលើដើម្បីអនុមត័ដាក់ចេញនូវផែនការយុទ្ធសាស្ត្ររួមមួយ សំដៅយកទៅអនុវត្តនៅពេលខាងមុខអោយមានប្រសិទ្ធភាពខ្ពស់៕