រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំប្រឹក្សាយោបល់ ស្តីពីការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដំណាក់កាលទី២


ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ ស្តីពីការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។
នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ ស្ដីពីការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២០-២០៣០) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមទីបឹ្រក្សា គ.ជ.អ.ប លោកនាយករដ្ឋបាល លោក លោកស្រីនាយកទីចាត់ ការអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២០-២០៣០) នឹងបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែមានប្រសិទ្ធភាព។ ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ក្នុងគោលបំណងលើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍប្រកបដោយប្រជាធិបតេយ្យ បរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្ដល់សេវា និងគុណភាពព្យាបាល ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងបន្តដោះស្រាយនូវបញ្ហាប្រឈម បន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០នេះ។ កម្មវិធីជាតិដំណាក់កាលទី២ ជាសក្ខីភាពបង្ហាញឲ្យឃើញថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានលក្ខណៈជាក់លាក់ និងទទួលលទ្ធផលល្អ៕