សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ចំពោះជំនួយជាថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសំរាលផលវិបាកដោយសារទឹកជំនន់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ដែលបានផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសំរាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ជំនួយដែលលោកឧកញ៉ា និងលោកជំទាវ បានផ្តល់ជូនរាជរដ្ឋាភិបាលជាទឹកប្រាក់ចំនួន ១០០,០០០ (មួយរយពាន់) ដុល្លារអាមេរិក ជាកិច្ចរួមចំណែកក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់ ពិតជាមានតម្លៃក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ដែលមិនអាចកាតថ្លៃបាន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយើង ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវ។

សូម លោកឧកញ៉ា និងលោកជំទាវ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»