ឯកឧត្តមរដមន្រ្តី អ៉ិត សំហេង ផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ មហាឧបាសក គឹម សាងាន់


(ភ្នំពេញ)៖ ឯកឧត្តមរដមន្រ្តី អ៊ិត សំហេង រដមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងនេះ បានផ្ញើលិខិតមួយជូន ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ មហាឧបាសក គឹម សាងាន់ ត្រូវជាឪពុកបង្កើត ឯកឧត្តម គឹម សន្តិភាព។

ក្នុងលិខិតរំលែកទុក្ខនេះ ឯកឧត្តមរដមន្រ្តី អ៊ិត សំហេង បានសរសេរថា៖ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាមានក្ដី ក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសក គឹម សាងាន់ ត្រូវជាឪពុកបង្កើត បានទទួលមរណភាព នាថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១:៣១នាទីរសៀល ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្ដីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមសម្ដែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្ដីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្ដីសោកស្ដាយស្រណោះអាឡោះអាល័យ ជាអនេកប្បការចំពោះការបាត់បង់ មហាឧបាសក គឹម សានាន់ ដែលនេះជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា និងជាវីរៈជនដ៏ឆ្នើមដែលបានលះបង់កាយ ប្រាជ្ញា ស្មារតី ក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងបានបន្សល់ ស្នាដៃច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ អាណាចក្រ និងការងារមនុស្សធម៌ជាច្រើនបម្រើជូនប្រទេសជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាក្ខន្ធ មហាឧបាសក គឹម សាលាន់ សូមបានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់ លោករដ្ឋមន្រ្តី អ៉ិត សំហេង៖