ឯកឧត្តម នៃ ប៉េណា ដឹកនាំប្រជុំកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានរបៀបវារៈ៖

១. ពិនិត្យ និងសម្រេច លើសេចក្តីព្រាងរបាយការណ៍ចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣។

២. កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំ លើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣។

បន្ទាប់ពីបានស្តាប់ ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា អានសេចក្តីព្រាងរបាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣, ស្តាប់ប្រសាសន៍ ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា រាយការណ៍អំពី សភាពការណ៍ការងារចន្លោះសម័យប្រជុំព្រឹទ្ធសភា និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តជាឯកច័្ឆន្ទ:

១.) យល់ព្រមលើទម្រង់ និងខ្លឹមសារ នៃសេចក្តីព្រាងរបាយការណ៍ ដើម្បីដាក់បញ្ចូលទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១០ ព្រឹទ្ធសភា។

២.) កំណត់យកថ្ងៃច័ន្ទ ទី២៧ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ព្រឹក បើកសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈ គឺ៖ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី១០ នីតិកាលទី៣។