កង្វល់មួយចំនួន របស់ប្រជាពលរដ្ឋឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានដោះស្រាយ ក្នុងវេទិកាសាធារណៈ


ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រុងពពេល និងដឹកនាំវេទិកាសាធារណៈ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការជុំវិញឃុំជ្រុងពពេលទាំងអស់។

វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អភិបាលស្រុករំដួល ប្រធានក្រុមប្រឹក្សាស្រុករំដួល និងតំណាងប្រជាពលរដ្ឋ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមប្រឹក្សាឃុំ និងមេភូមិ បន្តយកចិត្តទុកដាក់បន្ថែមបម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋអោយទាន់ពេលវេលា ជាពិសេសបង្កភាពស្និទ្ធស្នាល និងស្អាតស្អំជាមួយប្រជាពលរដ្ឋ ពោរពេញដោយការគោរព។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ទោះបីកន្លែងធ្វើការរបស់យើងតូចមែន ប៉ុន្ដែក្រុមប្រឹក្សាឃុំ និងមេភូមិ មានការទទួលខុសត្រូវខ្ពស់ណាស់ ចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវបំពេញបុព្វសិទ្ធិ-តួនាទី ឲ្យបានខ្ជាប់ខ្ជួនដែលថ្នាក់ដឹកនាំប្រគល់ជូនផងដែរ។

ជាមួយគ្នានេះ កង្វល់ និងសំណូមប្រជាពលរដ្ឋមួយចំនួនដូចជាផ្លូវក្នុងឃុំ និងអគ្គិសនី ដែលក្រុមប្រឹក្សាឃុំនិងមេភូមិ បានលើកឡើងក្នុងវេទិកានេះ បកស្រាយ និងដោះស្រាយយ៉ាងច្បាស់លាស់ដោយមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងទទួលបានការអបអរសាទរ ពីតំណាងប្រជាពលរដ្ឋផងដែរ៕