ក្រសួងការងារ និងអង្គការទស្សនពិភពលោក ឯកភាពគ្នាដោះស្រាយផលប៉ះពាល់ដល់យុវជន កុមារ និងកម្លាំងពលកម្មនៅកម្ពុជា បន្ទាប់ពីចប់វិបត្តិកូវីដ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឯកភាពជាមួយអង្គការទស្សនពិភពលោក (World Vision) ថានឹងរៀបចំយុទ្ធសាស្រ្តស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ១៩នេះទៅ។

ការលើកឡើងនេះធ្វើឡើងក្នុងពេលដែល ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឲ្យលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេសនៃអង្គការទស្សនពិភពលោក ដែលទើបទទួលតំណែងថ្មីចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។

ភាគីទាំងពីរបានរឭកឡើងវិញនូវអ្វីដែលជាអនុស្សាវរីយ៍ក្នុងការបង្កើតនូវមន្ទីពេទ្យកុមារជាតិនៅរាជធានីភ្នំពេញ និងការចូលរួមយ៉ាងសកម្មទៅលើការដោះ និងបោះសម្អាតមីននៅតំបន់ដែល ទទួលរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អង្គការទស្សនពិភពលោកបានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក។ អង្គការមានគោលដៅធំៗក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។

ការងារទាំងអស់នេះហើយ ដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះនៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ១៩នេះទៅ ភាគីទាំងពីរនឹងរៀបចំយុទ្ធសាស្រ្តស្តារឡើងវិញនូវផលប៉ះពាល់ផ្សេងៗពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា សំដៅជំរុញឱ្យឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹងថាពេលណានឹងបាត់ទៅវិញនោះទេ។

លោក Edward ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត។

ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួនដល់ក្រសួងការងារសម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕