រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កោតសរសើរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលជោគជ័យដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ និងសូមខិតខំបន្តទៀត


រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ ឯកឧត្តម កើត រិទ្ធ បានកោតសរសើរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលទទួលបានភាពជោគជ័យក្នុងការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌ និងបានណែនាំឲ្យស្ថានប័នខេត្តមួយនេះ ត្រូវខិតខំបន្តទៀត។

លោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង បានប្រាប់ភ្នាក់ងារព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា ទិន្នផលការងារនេះ កើតចេញយ៉ាងពិតប្រាកដពីការខិតខំ ប្រឹងប្រែង រួមគ្នារបស់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរដ្ឋបាល មន្រ្តីគ្រប់ប្រភេទ នៃលេខាធិការដ្ឋានរដ្ឋបាលក្រោមការដឹកនាំរបស់ប្រធានសាលាដំបូង ប្រធានលេខាធិការដ្ឋានរដ្ឋបាល ព្រមទាំងមានការសហការ គាំទ្រពីមន្រ្តីរាជការនៃអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តកោះកុង។

លោក រស់ សារាំ បានបន្ថែមថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអបអរសាទសាលាដំបូង និងអយ្យាការអមសាលាដំបូងខេត្តកោះកុង ក្នុងការអនុវត្តន៍ដោយជោគជ័យនូវយុទ្ធនាការ ដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌ ហើយសាលាដំបូង និងអយ្យាការនឹងធ្វើការខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងព្រហ្មទណ្ឌបន្ថែមទៀត ដែលនៅសេសសល់ដោយភាពយុត្តិធម៌ និងសុក្រិតរបស់ ប្រព័ន្ធតុលាការ។

ការដោះស្រាយបានជាលទ្ធផលការងារសំណុំរឿងព្រហ្មទណ្ឌ បានសម្រេចដោយជោគជ័យ ក្នុងប្រព័ន្ធតុលាការក្នុងអំឡុងពេលអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង តាមសាលាដំបូងរាជធានី-ខេត្ត ចាប់ពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ គឺមានរយៈពេល១៥០ថ្ងៃ។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានសម្រេចលទ្ធផលការងារលើសំណុំរឿងព្រហ្មទណ្ឌដូចតទៅ៖
* ដំណាក់កាលអយ្យការ មានសំណុំរឿងសរុប ២១៧រឿង ក្នុងនោះចាត់ការរួចរាល់ចំពោះសំណុំរឿងចាស់ទាំងស្រុង និងសល់កំពុងចាត់ការបន្តជាប្រភេទសំណុំរឿងថ្មីៗ ចំនួន២១រឿង។
* ដំណាក់កាលស៊ើបសួរ មានសំណុំរឿង សរុប៣១៦រឿង ក្នុងនោះចាត់ការរួចរាល់ ចំពោះសំណុំរឿងចាស់ទាំងស្រុង និងសល់កំពុងចាត់ការបន្តជាប្រភេទសំណុំរឿងចូលថ្មី ចំនួន៥១រឿង។
* ដំណាក់កាលជំនុំជម្រះក្តី មានសំណុំរឿង សរុប ៣៣៣រឿង ក្នុងនោះចាត់ការរួចរាល់ចំពោះសំណុំរឿងចាស់ទាំងស្រុង និងសល់កំពុងចាត់ការបន្តជាប្រភេទសំណុំរឿងចូលថ្មី ចំនួន៣៦រឿង។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដែលបានប្រកាសចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងទូទាំងប្រទេស។

ជាលទ្ធផល សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ២៧៧០០ សំណុំរឿង ស្មើនឹង ៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១០៣០០ សំណុំរឿង ស្មើនឹង ៨២% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ)។

បន្ថែមពីនេះ សាលាដំបូងរាជធានីខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី ចំនួនជាង ២០២០០ សំណុំរឿង ស្មើនឹង៦១%។ ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស. ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៥ រួមមាន៖ ខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។

ទន្ទឹមនឹងការសម្តែងនូវអំណរសាទរចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងដែលត្រូវបានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនាពេលនេះ គ.យ.ក.ស. ក៏សូមឆ្លៀតឱកាស នៃកិច្ចប្រជុំនេះ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ៕