ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ


នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ ស្ថិតក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ខ្ញុំសូមកោតសសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានផ្តល់នូវជំនឿជឿជាក់ បរិច្ចាគធនធាននិងថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីរួមសាមគ្គីក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តពោធិ៍មានជ័យ សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា។ ការកសាងសមិទ្ធផលនានាក្នុងវត្តពោធិ៍មានជ័យ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ភិក្ខុ សាមណេរ ប្រើប្រាស់ស្របតាមពុទ្ធានុញ្ញាត ក្នុងការធ្វើសង្ឃកម្ម មានការសុំសីល សម្តែងអាបត្តិ បាតិមោក្ខជាដើម ដើម្បីសម្អាតខ្លួនឱ្យបានល្អ ស័ក្តិសមជាព្រះសង្ឃដែលជាស្រែបុណ្យ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៍ និងបានខិតខំយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ហើយរហូតមកដល់បច្ចុប្បន្នមានវត្តអារាមនៅទូទាំងប្រទេស ប្រមាណ៤.៨៧២វត្ត និងព្រះសង្ឃ៦៩.១៩៩អង្គ ក្នុងនោះ ខេត្តព្រះសីហនុ មានវត្តចំនួន៣៨ និងព្រះសង្ឃ៦១១អង្គ ចំណែកស្រុកស្ទឹងហាវមានវត្តចំនួន០២ និងព្រះសង្ឃចំនួន៣៥អង្គ ដែលមានប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិយ៉ាងច្រើនកុះករ។ ការរីកចម្រើនផ្នែកពុទ្ធចក្រ បានរួមចំណែកក្នុងការបង្កើនធនធានមនុស្សសម្រាប់បម្រើឱ្យផ្នែកអាណាចក្រ ពីព្រោះថា ព្រះពុទ្ធសាសនាគឺជាកម្លាំងដឹកនាំចរិយាធម៌សង្គម សំដៅធានាបាននូវសាមគ្គីភាព ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ វត្តអារាម ជាមជ្ឈមណ្ឌលដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹង ទាំងផ្នែកអក្សរសាស្រ្ត និងជំនាញផ្សេងៗ ទាំងផ្លូវលោក និងផ្លូវធម៌។ សាសនាព្រះពុទ្ធ គឺជាឃ្លាំងផ្តល់នូវពុទ្ធិ ថែរក្សាគម្ពីរ អក្សរសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងថែរក្សាព្រលឹងខ្មែរតាំងពីបុរាណកាល ឱ្យស្ថិតស្ថេរគង់វង្ស និងរីកចម្រើន។ វត្តអារាម ជាទីកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់សិស្ស-និស្សិតសិក្សារៀនសូត្រ ជាទីជម្រកសម្រាប់ចាស់ជរាកុមារកំព្រាគ្មានទីពឹង និងជាទីកន្លែងសម្រាប់អប់រំ ទូន្មាន ប្រៀនប្រដៅ និងពត់ចិត្តមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អ។
កត្តាសន្តិភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពាណិជ្ជករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ រួមសាមគ្គីគ្នា មានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាឱ្យបានរឹងមាំនូវសុខសន្តិភាព សុវត្ថិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ក្មួយៗទាំងអស់ ឱ្យប្រកបដោយស្នាមញញឹម និងក្តីសង្ឃឹមក្នុងការសិក្សារៀនសូត្រ និងបានលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ សំដៅអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជាលំដាប់ ហើយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព៕