នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី រសៀលថ្ងៃទី០២ ខែកុម្ភៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ស៊ុនថន សៃយ៉ាចាក់ (Soun Thone Xayachak) ប្រធានគណៈចាត់តាំងបរទេសគណៈមជ្ឈិមបក្ស ប្រជាជនបដិវត្តឡាវ ចូលជួបសម្តែងការគួរសម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងទាំងផ្នែកសង្គម ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយជីវភាពរស់នៅរបស់ប្រជាជន មានការរីកចម្រើនយ៉ាងខ្លាំង ដែលការរីកចម្រើនទាំងអស់នេះ គឺបណ្តាលមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា។
លោកជំទាវបានឱ្យដឹងទៀតថា គោលបំណង នៃទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា នាពេលនេះ ដើម្បីរាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីលទ្ធផលនៃមហាសន្និបាត ប្រជាជនបដិវត្តឡាវលើកទី១០ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើចក្ខុវិស័យ នៃការអភិវឌ្ឍក្នុងរយៈពេលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ និងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលយកចិត្តទុកដាក់ ខ្ពស់ទៅលើការកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុត ចំពោះរបាយការណ៍ដែលលោកជំទាវបានរាយការណ៍ជូន និងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតបដិវត្ត ឡាវលើកទី១០៕