សម្តេចតេជោ ហ៊ុន សែន ជួបសវនាការជាមួយប្រធានគណៈចាត់តាំងបរទេសគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ


នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី រសៀលថ្ងៃទី០២ ខែកុម្ភៈនេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឱ្យលោកជំទាវ ស៊ុនថន សៃយ៉ាចាក់ (Soun Thone Xayachak) ប្រធានគណៈចាត់តាំង​បរទេសគណៈមជ្ឈិមបក្ស ប្រជាជនបដិវត្តឡាវ ចូលជួបសម្តែងការគួរសម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា  នៅក្នុង​ជំនួប​នេះ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ច​របស់​លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញ​ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងទាំងផ្នែកសង្គម ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយជីវភាពរស់នៅរបស់ប្រជាជន មានការរីកចម្រើនយ៉ាងខ្លាំង ដែលការរីកចម្រើនទាំងអស់នេះ គឺបណ្តាលមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា។
លោកជំទាវបានឱ្យដឹងទៀតថា គោលបំណង នៃទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា នាពេល​នេះ ដើម្បីរាយការណ៍ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីលទ្ធផលនៃមហា​សន្និបាត ប្រជាជនបដិវត្តឡាវលើកទី១០ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើចក្ខុវិស័យ នៃការអភិវឌ្ឍក្នុងរយៈពេលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ និងផែនការអភិវឌ្ឍន៍ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលយកចិត្តទុកដាក់ ខ្ពស់ទៅលើការកាត់បន្ថយភាពក្រីក្រ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុត ចំពោះរបាយការណ៍ដែលលោកជំទាវបានរាយការណ៍ជូន និងបានសម្តែងនូវការអបអរសាទរ​ចំពោះ​ជោគជ័យនៃមហាសន្និបាតបដិវត្ត ឡាវលើកទី១០៕
hun sen 3-2-2016 (4)               hun sen 3-2-2016 (7)
hun sen 3-2-2016 (2)             hun sen 3-2-2016 (3)
hun sen 3-2-2016 (6)               hun sen 3-2-2016 (5)