យុទ្ធនាការ«ទឹកចិត្តកម្ពុជា»បង្ហាញពីវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាព ដើម្បីបម្រើគោលដៅមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង


ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករ២០០តោន ទឹកបរិសុទ្ធកម្ពុជា ៣០០០កេស ទឹកក្រូចអាយស៍ IZE ១០០០កេស និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេស សម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។
នៅក្នុងឱកាសជួបសម្តែងការគួរសម និងប្រគល់អំណោយជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយទឹកជំនន់ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុប មានប្រសាសន៍ថា យើងមិនអាចទ្រាំមើលប្រទេសយើង ដែលកំពុងស្ថិតក្នុងគ្រោះអាសន្ននឹងភ្នែកទទេបានទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា និងជាតំណាងក្រុមហ៊ុន ដែលតែងតែឈរលើស្មារតីបរិច្ចាគត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុន ជីបម៉ុង ត្រូវតែចូលរួមដោយឆន្ទៈ ដោយឧបត្ថម្ភស្បៀង និងភេសជ្ជៈ ព្រមទាំងថវិកា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបការសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងគាំពារដល់កងទ័ព ក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ជីបម៉ុងគ្រុប ទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ពក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋ ស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពដែលជួបការខ្វះខាត។ នេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា យុទ្ធនាការ ទឹកចិត្តកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដែលផលិតទឹកបរិសុទ្ធកម្ពុជា គឺដើម្បីចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ជាពិសេសដល់ពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់ ៕