អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់មន្ទីរជំនាញ និងប្រជាពលរដ្ឋ រួមគ្នាទប់រក្សាទឹកទុក ដើម្បីមានលទ្ធភាពស្តារឡើងវិញ ក្រោយទឹកជំនន់ស្រក


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់មន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋ ក្រោយពីទឹកស្រកវិញ ត្រូវរួមគ្នាទប់រក្សាទឹកទុក នៅតាមប្រឡាយមេ ប្រឡាយរងស្រះ ឬស្រែឱ្យនៅគង់វង្ស ដើម្បីមានលទ្ធភាពស្តារឡើងវិញ សម្រាប់ឱ្យបងប្អូនយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផល នៅរដូវប្រាំងខាងមុខ។

ឯកឧត្តមបានអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត ផ្តល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅបរិវេណវត្តផ្ទះគរ ចំនួន៥០០គ្រួសារ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមបានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ មិនមែនកើតមានតែនៅខេត្តពោធិ៍សាត់យើងមួយទេ គឺកើតមានស្ទើរតែគ្រប់ខេត្ត ជាពិសេសខេត្តដែលទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ។ លោកបានបន្ថែមថា ទាំងប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំក្នុងខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ បានខិតខំទាំងយប់ ទាំងថ្ងៃក្នុងការទប់ទល់ ទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ សម្រាប់មនុស្សជាតិយើងគ្រប់ៗរូប ដែលកើតឡើងនៅលើលោកនេះ។ នៅពេលយើងក្រ យើងប្រឹងឱ្យមាន ហើយនៅពេលដែលយើងមាន យើងត្រូវប្រឹងជួយអ្នកក្រ នេះគឺជាកាត្វកិច្ចរបស់យើង ដើម្បីជួយសង្គម ខណៈដែរយើងមានជោគវាសនាល្អហើយ។

ឯកឧត្តម ម៉ៅ ធនិន បានជម្រុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ត្រូវផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវប្រយ័ត្នក្មេងតូចៗលង់ទឹក ជាពិសេសត្រូវបន្តអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩។ បញ្ហាបន្ទាន់នៅចំពោះមុខយើង នៅពេលទឹកស្រកវិញ ត្រូវរួមគ្នាទប់ទឹកទុក តាមស្រែឱ្យនៅគង់វង្ស និងបន្តភ្ជួររាស់ឡើងវិញ ហើយរដ្ឋបាលខេត្ត ដែលមានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តជាសេនាធិការ នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំពូជស្រូវ ក៏ដូចជាស្បៀងផ្តល់ជូនបងប្អូនបន្តទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ៕