កែសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្ស និងក្រុមការងារយុវជនគណបក្សចំណុះស្រុកសង្គមថ្មី ខេត្តព្រះវិហារ


ឯកឧត្តម សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងជំរុញឲ្យមន្ត្រីគណបក្សស្រុក ឃុំ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចស្របតាមទិសដៅរបស់គណបក្ស ពិសេសត្រូវរួមសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។

ការថ្លែងអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម គោ ស៊ុប៊ុនសឿត អនុប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី និងក្រុមការងារ ចូលរួមប្រកាសសេចក្តីសម្រេច កែសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្ស និងក្រុមការងារយុវជនគណបក្សចំណុះស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះដែរឯកឧត្តម សំ លាងទ្រី បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ, ឯកឧត្តម នន់ ចាន់វិទ្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសង្គមថ្មីនិងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណបក្សខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីគណបក្សយើងទាំងអស់។

ឯកឧត្តម សំ លាងទ្រី បានជំរុញមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ច ស្របតាមទិសដៅរបស់គណបក្ស ពិសេសត្រូវពង្រឹងការសាមគ្គីភាពគ្នាអោយបានរឹងមាំ មានការសាមគ្គីគឺមានជ័យជំនះ។ ស្របពេលនឹងស្ថានការដែលយើងបាននឹងកំពុងឆ្លងកាត់ មានជំងឺកូវីដ១៩ គ្រោះទឹកជំនន់ គេឃើញថាមន្ត្រីគណបក្ស បានបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងទិសដៅជួយសង្រ្គោះប្រជាពលរដ្ឋ។

ឯកឧត្តមថ្លែងថា «តាមរយៈអំពើល្អរបស់យើងនេះ ពិតជាធ្វើឲ្យប្រជាពលរដ្ឋចងចាំនឹងផ្តល់នូវការសងគុណមកយើងវិញ តាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗទៀតជាក់ជាមិនខាន»

ដោយឡែកឯកឧត្តម គោ ស៊ុប៊ុនសឿត បានថ្លែងដាក់ចេញុនូវគោលការណ៍ចំនួន២ចំណុច ឲ្យមន្ត្រីគណបក្សយកទៅអនុវត្តន៍ ដែលចំណុចទី១ គឺផ្នែកហិរញ្ញវត្ថុ បានន័យថា រាល់ចំណូលថវិកាដែលទទួលបានពីក្រុមការងារឫសប្បុរសជននានាត្រូវកត់ត្រាឲ្យបានច្បាស់លាស់ ដើម្បីចុងឆ្នាំធ្វើបណ្ណ័សរសើរជួនគាត់។ ចំណុចទី២ រាល់ពេលសម្ពោធសមិទ្ទិផលនានា គឺត្រូវរៀបចំបណ្ណ័សរសើរដើម្បីឲ្យពួកគាត់ចូលរួមទទួល ដែលការធ្វើបែបនេះ ធ្វើឲ្យពួកគាត់មានឆន្ទៈ ក្នុងការចូលរួមចំណែកជាមួយយើង៕