ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក ហេង សួរ


សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងក្រុមគ្រួសារ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុករបស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលមរណភាព ដោយជរាពាធ នៅម៉ោង១០៖១៨នាទីយប់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ បានរៀបរាប់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាពឧបាសក ហេង យាង ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម កាលពីថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង១០៖១៨នាទីយប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយជរាពាធ»

ប្រមុខរដ្ឋស្តីទី បានបង្ហាញក្តីអាឡោះអាល័យថា ការបាត់បង់រូបកាយ ឧបាសក ហេង យាង គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌។ រូបកាយ ឧបាសក ហេងឃាង បាត់បង់ទៅក៏ពិតមែនតែកិត្តិយស អំពើជាកុសល សេចក្តីថ្លៃថ្នូរ គំរូវីរភាព នៅស្ថិតជាប់ក្នុងមនោសញ្ចេតនា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថា «ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ»

សូមបញ្ជាក់ថា សពឧបាសក ហេង ឃាង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ៨៩២ ផ្លូវលេខ១០១៣ កែងផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕