ក្រសួងបរិស្ថាន និងអង្គការ WCS រៀបចំសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពសត្វព្រៃសំខាន់ក្នុងដែនជម្រកកែវសីមា ២០១០-២០២០


ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានស្ថានភាពសត្វព្រៃសំខាន់ៗ នៅក្នុងដែនជម្រកកែវសីមា ២០១០-២០២០ សន្និសីទសាសរព័ត៌មាននេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំអង្គការ WCS នាទីស្តីការក្រសួងបរិស្ថាន។

របាយការណ៍របស់អង្គការ WCS បានបង្ហាញថា ចំនួនប្រភេទសត្វព្រៃមួយចំនួននៅថេរ ឬមានការកើនឡើង ប៉ុន្តែមួយចំនួនទៀតមានការថយចុះ។ ការងាររបស់អង្គការ WCS ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគម្រោងរេដបូក កែវសីមា។

របាយការណ៍នេះបានបង្ហាញថា យោងតាមទិន្នន័យប្រមូលបានដោយប្រើប្រាស់វិធីសាស្រ្តប្រមូលទិន្នន័យ តាមបទដ្ឋានវិទ្យាសាស្ត្រ ចំនួនសត្វក្ងោកនិងស្វាតោសកំពុងមានការកើនឡើង។ ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ នៅថេរ។ ចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកជំពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។

ដែនជម្រកសត្វព្រៃកែវសីមា មានចំនួនប្រភេទជីវៈចម្រុះច្រើនជាងគេបំផុតបើធៀបទៅនឹងតំបន់ការពារធម្ម ជាតិផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងជាទីជម្រកសម្រាប់ប្រភេទសត្វព្រៃសំខាន់ៗជាច្រើនប្រភេទទៀតនៅលើពិភពលោក រួមទាំងសត្វទោចថ្ពាល់លឿងនិងស្វាកន្ទុយសដែលជាប្រភេទជិតផុតពូជ និងជិតផុតពូជបំផុតនៅលើពិភពលោក ហើយដែលពពួកពានរទាំងពីរប្រភេទនេះមានតែនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។

លោក អូលី ហ្វីហ្វីន (Olly Griffin) អ្នកវិភាគទិន្នន័យនិងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការ WCS បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងអំពីផលវិជ្ជមានជាច្រើនកើតចេញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះសំខាន់ៗ ជាសាកលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូចជា៖ ការថែរក្សាចំនួនពពួកពានរ ដែលជិតផុតពូជបំផុតឱ្យនៅថេរ និងការធ្វើឱ្យចំនួនសត្វក្ងោកដែលជាប្រភេទជិតផុតពូជកើនឡើងវិញ។ លទ្ធផលទាំងនេះក៏បានបង្ហាញអំពីទំហំនៃការគំរាមកំហែងលើសត្វព្រៃនៅទូទាំងប្រទេសកម្ពុជាផងដែរ ដែលជាក់ស្តែង ប្រភេទក្តាន់ រមាំង និងពពួកសត្វចូលចិត្តរកស៊ីលើដីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺកំពុងមានការថយចុះ»។

របាយការណ៍នេះបានចងក្រងលម្អិតអំពីលទ្ធផលនៃការប្រើវិធីសាស្ត្រខ្សែបន្ទាត់កាត់ទទឹង (Line Transects) ដើម្បីធ្វើការអង្កេតតាមដានរបាយនិងចំនួនសត្វព្រៃសំខាន់ៗ ១៣ប្រភេទចាប់តាំងពីឆ្នាំ២០១០មក។ ការប៉ាន់ប្រមាណលើរបាយសត្វព្រៃទាំង ១៣ប្រភេទ បានធ្វើឡើងដោយប្រើវិធីសាស្ត្រ KDE (ប៉ាន់ស្មានលើដង់ស៊ីតេគោល)។ វិធីសាស្រ្តទាំងនេះត្រូវបានប្រើដើម្បីគាំទ្រដល់ដំណើរការកំណត់ និង បែងចែងតំបន់គ្រប់គ្រងសម្រាប់ដែនជម្រកសត្វព្រៃកែវសីមាជាលើកដំបូង។

លោក សូត្រ វ៉ាន់ខឿន ប្រធានក្រុមផ្នែកអង្កេតសត្វព្រៃនៃអង្គការ WCS បានថ្លែងថា «ក្រុមការងារស្រាជ្រាវជីវៈចម្រុះនៅដែនជម្រកសត្វព្រៃកែវសីមា មានមោទនភាពចំពោះកិច្ចការរបស់ខ្លួនរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្នុងការប្រមូលទិន្នន័យដែលមានកម្រិតជឿជាក់ខ្ពស់ ដែលសមាជិកក្រុមទាំងអស់បានដើរប្រមូលដោយថ្មើរជើង គិតជាចម្ងាយសរុបស្មើ ៩.៤៦០គីឡូម៉ែត្រ ក្នុងកំឡុងពេលធ្វើការសិក្សាស្រាវជ្រាវនេះ។ ពួកយើងបានប្រឹងប្រែងធ្វើការរួមគ្នាជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង ដើម្បីការពារសត្វព្រៃមានតម្លៃរបស់កម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដទៃទៀត ឱ្យចូលរួមការពារ និងអភិរក្សសត្វព្រៃដែរ»

 ការងាររបស់អង្គការ WCS នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគម្រោងរេដបូក កែវសីមា ដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១០ និងគ្របដណ្តប់លើផ្ទៃដីទំហំ ១៦៦,៩៨៣ហិកតា នៃដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះគឺជាកម្មវិធីការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកធំជាងគេបំផុតនៅក្នុងវិស័យប្រើប្រាស់ដីធ្លីនៅកម្ពុជា និងបានដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីភាពជោគជ័យរបស់គម្រោងក្នុងការអភិរក្សតំបន់ការពារទេសភាពដែលមានតម្លៃជីវៈចម្រុះខ្ពស់។

បទពិសោធន៍ពីការ អនុវត្តគម្រោងរេដបូកកែវសីមា ក៏កំពុងបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបានសំខាន់ៗ អាចរៀនសូត្រ
បាននឹងជាធាតុចូលសម្រាប់បង្កើតកម្មវិធីរេដបូកថ្នាក់ជាតិ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិ
បាលក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ក្រោមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៕