ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ ក្រៅពីផ្តល់ស្បៀង សម្តេចតេជោ ដាក់ចេញផែនការបន្ទាន់ ស្តារជីវភាពពលរដ្ឋឡើងវិញក្រោយទឹកជំនន់


ក្នុងឱកាសផ្តល់អំណោយពលរដ្ឋរងការជន់លិចដោយទឹកភ្លៀង នៅខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការយាយីដោយជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀង។

នៅចំពោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៦៦៥គ្រួសារ នៅស្រុកវ៉ាវិន ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការសម្តេចតេជោលើការងារគ្រោះមហន្តរាយ បានថ្លែងថា នៅឆ្នាំ២០២០ កម្ពុជាបានជួបគ្រោះផ្ទួនៗបណ្តាលមកពីជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា «នៅឆ្នាំ២០២០នេះ សម្រាប់កម្ពុជាអាចចាត់ទុកថាជាការជួបគ្រោះយ៉ាងធ្ងន់ធ្ងរ។ ជំងឺកូវីដ១៩ វាបានបង្ហាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើង ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងធ្លាប់មានកំណើនរង្វង់៧ភាគរយរាល់ឆ្នាំ ត្រូវធ្លាក់ចុះ ធ្វើឱ្យប្រជាពលរដ្ឋយើងជួបការលំបាកក្នុងជីវីភាពខ្លាំង។ កូវីដ១៩ វាធ្វើបាបយើង១០ខែរួចទៅហើយ ឥឡូវទឹកជំនន់ទឹកភ្លៀងមកធ្វើបាបយើងបន្ថែមទៀត»

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា «ទុក្ខលំបាកនេះវាមិនស្មើទុក្ខលំរបស់យើងក្នុងពេលមានសង្គ្រាម និងក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ១៩៧៩នោះទេ។ តែយើងអាចជម្នះវាបាន ដូច្នេះទុក្ខរបស់យើងលើកនេះ យើងនឹងជម្នះវា ឆ្លងវាឱ្យផុត យើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ជាមួយសម្តេចតេជោរបស់យើង យើងនឹងឆ្លងផុត»

សេនាធិការរបស់សម្តេចតេជោ ដែលបានធ្វើសកម្មភាពយ៉ាងលេចធ្លោលើការងារគ្រោះមហន្តរាយនេះ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា លើការងារលំបាកទាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការដោះស្រាយតាមរយៈការដាក់ចេញនូវយន្តការនានា ដើម្បីធានាដល់និរន្តរភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងបញ្ហាកូវីដ១៩ និងគ្រោះទឹកជំនន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវដំណោះស្រាយឆ្លើយតបបន្ទាន់ៗជាច្រើន ដូចជាការទម្លាក់ថវិកាជួយពលរដ្ឋក្រីក្រ ទម្លាក់កញ្ចប់ថវិកាជួយអ្នកអត់ការងារ និងដាក់ចេញវិធានាមួយចំនួនធានាដល់ដំណើរការរោងចក្រសហគ្រាស។

ដោយឡែកសម្រាប់បញ្ហាបង្កដោយគ្រោះជំនន់ទឹកភ្លៀងវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជាក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីការជន់លិច ផ្តល់ស្បៀងអាហារសង្គ្រោះបន្ទាន់ និងដាក់ចេញបទបញ្ជាដល់ក្រសួងពាក់ព័ន្ធចុះធ្វើសកម្មភាពស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ព្រមទាំងការបង្កបង្កើនផលក្រោយទឹកស្រកទៅវិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ប្រមុខរាជរដ្ឋាភិបាលរបស់យើងសម្តេចតេជោ ហ៊ុន សែន លោកបានគិតគូរខ្លាំងណាស់ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។ រាល់ពេលដែលពលរដ្ឋយើងមានទុក្ខ តែលេចនូវវត្តមានរបស់សម្តេច ដើម្បីដោះស្រាយបញ្ហាទាំងឡាយ។ គ្រោះទឹកជំនន់នាពេលនេះ យើងបានឃើញសម្តេចរបស់យើងចុះចែកអំណោយដោយផ្ទាល់ដល់ពលរដ្ឋនៅខេត្តរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ សម្តេចលោកចង់ទៅគ្រប់កន្លែងទាំងអស់ តែដោយសារតែសម្តេចមមាញឹកនឹងភារកិច្ចរបស់ជាតិជាច្រើន ទើបលោកមិនបានចុះទៅតំបន់រងគ្រោះដទៃទៀត»

ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកអំណោយជាស្បៀងអាហាររួមមាន អង្ករ ទឹកបរិសុទ្ធ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងសម្ភារប្រើប្រាស់មួយចំនួនទៀតជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅក្នុងខេត្តសៀមរាប។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់អាជ្ញាធរនៅមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលឡើងវិញ ក្រោយពេលទឹកស្រកទៅវិញ។ ឯកឧត្តម គន់ គីម ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ និងប្រឹងប្រែងធ្វើការដាំដុះឡើងវិញពេលទឹកស្រក ដើម្បីលើកកម្ពស់ជីវភាព។

សូមបញ្ជាក់ថា គ្រោះជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់រាជធានី-ខេត្ត ចំនួន២០។ ប៉ះពាល់ប្រជាពលរដ្ឋជិត ១៤ម៉ឺនគ្រួសារ, ស្លាប់ ៤០នាក់, ប៉ះពាល់ផ្ទះសម្បែងជាង ១២ម៉ឺនខ្នង, លិចស្រូវជាង ២៧ម៉ឺនហិកតា និងដំណាំរួមផ្សំជិត ៩ម៉ឺនហិកតា។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាទៅកាន់ក្រសួងចំនួន៤ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចុះធ្វើសិក្សា វាយតម្លៃជាបបន្ទាន់សម្រាប់ផលប៉ះពាល់ និងដាក់ចេញដំណោះស្រាយបន្ទាន់ ដើម្បីជួយស្តារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋឡើងវិញ។

សម្តេចតេជោ បានសង្កត់ធ្ងន់ធ្ងរដោះស្រាយបញ្ហាបង្កដោយទឹកជំនន់មិនមែនបញ្ចប់ត្រឹមការចែកអំណោយនោះទេ។ តែការងារសំខាន់ គឺការស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ តាមរយៈជំរុញការដាំដុះ និងការបង្កបង្កើនផល។

ដើម្បីជំរុញការដាំដុះឡើងវិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិការួចហើយ ហើយក៏បានចាត់ចែងទិញពូជស្រូវ និងពូជដំណាំជូនប្រជាពលរដ្ឋរួចហើយផងដែរ៕