សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីដែលចប់អាណត្តិ


ក្នុងឱកាសអនុញ្ញាតឱ្យលោក មៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបូរីប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលបេសកកម្មការទូត របស់លោកឯកអគ្គរដ្ឋទូត ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានារវាងរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេច ហេង សំរិន ក៏បានអរគុណដល់សិង្ហបុរី ដែលបានជួយបណ្តុះបណ្តាលរយៈពេលខ្លីដល់មន្រ្តីកម្ពុជាបានជិត ១ម៉ឺននាក់ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ក្រោមគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ាន IAI។

លោក មៃខើល តាន់ កេង ស៊ឹង ក៏បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលទទួលជួបសវនាការ និងអនុញ្ញាតឱ្យលោកបានចូលជម្រាបលា មុនពេលត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានៅចុងឆ្នាំ២០២០នេះ។

លោកអគ្គរដ្ឋទូតដែលចប់អាណត្តិ បានលើកឡើងថា ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅលើគ្រប់វិស័យ មានទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន បើទោះជានៅឆ្នាំ២០១៩ មានការរំខានដោយសារបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្តី។

លោកបានលើកឡើងថា រដ្ឋសភាកម្ពុជា និងសិង្ហបុរី បានជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកនៅគ្រប់កម្រិត និងបានគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ តាមរយៈវេទិកាសភានានា ដូចជា AIPA និង APPF ជាដើមនោះ។

សម្តេចអគ្គមហាញាចក្រី និងលោកឯកអគ្គរដ្ឋទូតដែលចប់អាណត្តិ មានជំជឿយ៉ាងមុតមាំថា កម្ពុជា និងសិង្ហបុរី ដែលបានបង្កើតទំនាក់ទំនងជាមួយគ្នា តំាងពីឆ្នាំ១៩៦៥មកនោះ នឹងមានការរីកចម្រើនទៅមុខជាលំដាប់៕