និស្សិតពេទ្យចំនួន៧២នាក់ នឹងចេញទៅបន្តការសិក្សានៅប្រទេសបារាំង នាចុងខែនេះ


និស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន៧២នាក់ នឹងចេញទៅបន្តការសិក្សា នៅប្រទេសបារាំង នៅចុងខែតុលា ឆ្នាំ២០២០នេះ សម្រាប់ការសិក្សារយៈពេលមួយឆ្នាំ។

ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត បានថ្លែងថា អាហារូបករណ៍នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើតនូវគុណភាពនៃការអប់រំ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ ពិសេសពង្រឹងនូវសមត្ថភាព និងជំនាញឯកទេសវេជ្ជសាស្ត្រ ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ឈានទៅរកស្តង់ដារអន្តរជាតិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះនិស្សិតជ័យលាភី អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ តាមឯកទេសរៀងៗខ្លួន រហូតទទួលបាននូវការជ្រើសរើស ឱ្យទៅធ្វើការសិក្សាបន្តនៅប្រទេសបារាំង នៅពេលឆាប់ខាងមុខ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានជាប់ជាស្ថាពរ ទទួលយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទិននឹងឯកទេសរបស់ខ្លួន ហើយនាំយកនូវចំណេះដឹង និងចំណេះធ្វើទាំងនោះត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាល នៅមាតុប្រទេសយើងវិញ។

ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលបានកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេស គឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា ឆ្នាំ២០២០នេះ និស្សិតជយលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលនឹងត្រូវសិក្សាបន្ត នៅប្រទេសបារាំងមានចំនួន៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៤នាក់ និងបុរសចំនួន៤៨នាក់ សិក្សារយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលចំនួន១៩ ដោយបែងចែកឯកទេសចំនួន២៣។

លោកសាស្រ្តាចារ្យបានបន្ដថា ដោយមានការគាំទ្រ ពីស្ថានទូតបារាំងប្រចាំកម្ពុជា សាកលវិទ្យាល័យបានបញ្ជួននិស្សិត ចុះកម្មសិក្សាតាមមន្ទីរពេទ្យ នៅប្រទេសបារាំង ចំនួនពី៣០ទៅ៤០នាក់ក្នុងមួយឆ្នាំៗ ដោយចាប់តាំងពី ឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៩ មាននិស្សិតវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យផ្នែកវេជ្ជសាស្រ្តទូទៅ និងឯកទេសសរុបចំនួន៨៣២នាក់ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។

ក្នុងឱកាសនោះ លោកសាកលវិទ្យាធិការ បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ និងគោរពវិន័យរបស់មន្ទីរពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីស្រូបយកចំណេះដឹងឱ្យបានច្រើន ត្រឡប់មកបម្រើជូនប្រទេសជាតិវិញ៕