នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៦ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តមអភិបាលខេត្តកំពង់ធំ ឯកឧត្តម សុក ផេង អនុប្រធានក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុង-ស្រុកទាំង០៨ នៃខេត្តកំពង់ធំ សរុបប្រមាណ ១៥០នាក់។
កិច្ចប្រជុំបានពិនិត្យទៅលើរបាយការណ៍លទ្ធផលដែលបានអនុវត្តឆ្នាំ២០១៥កន្លងមក ដែលក្នុងនោះរួមមានការដោះស្រាយបញ្ហាដីនៅតំបន់៣ តំបន់២ ក្នុងភូមិសាស្រ្តក្នុងងស្រុកទាំង០៥ ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការដោះស្រាយបញ្ហាដីធ្លី (កម្មសិទ្ធិដីធ្លី និងដីសម្បទានសង្គមកិច្ច) ការដោះស្រាយបញ្ហាជលផល (ការប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ និងការឆក់ត្រី) ការដោះស្រាយបញ្ហាអគ្គីសនី ការផ្តល់សេវាសាធារណៈ ការធ្វើអត្តសញ្ញាណប័ណ្ណ ការជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
កិច្ចប្រជុំបានលើកឡើងនូវប្រធានបទសំខាន់ៗដែលបកស្រាយដោយអាជ្ញាធរខេត្ត ស្នងការនគរបាលខេត្ត និងមន្ទីរធនធានទឹកខេត្ត មានដូចជា លទ្ធផលនៃការចុះពិនិត្យ និងផ្ទៀងផ្ទាត់ដីតំបន់៣ តំបន់២ និងការរៀបចំចេញសាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋអាស្រ័យផល ផែនការ និងកម្មវិធីចុះធ្វើអត្តសញ្ញាណបណ្ណ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការចុះអន្តរាគមន៍ដោះស្រាយទឹក និងការគ្រប់គ្រងផ្សារ ភាស៊ី និងទីតាំងសត្វឃាត។
អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស និងបានឯកភាពគ្នាក្នុងការលើកទិសដៅអនុវត្តបន្ត និងដោះស្រាយបញ្ហាសំខាន់ៗជាអាទិភាពសម្រាប់ឆ្នាំ២០១៦នេះ ដែលរួមមាន ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ដីតំបន់៣ តំបន់២ ដើម្បីចេញសលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋអាស្រ័យផល ការបន្តចុះដោះស្រាយទឹកជូនប្រជាពលរដ្ឋ ការបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី វិធានការអប់រំ និងបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសជលផលការជម្រុញចលនាប្រលងប្រណាំងសេវាសាធារណៈ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការរៀបចំគ្រប់គ្រង ផ្សារ ភាស៊ី និងទីតាំងសត្វឃាតឲ្យបានល្អ ការផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ការពង្រឹងអង្គភាពគ្រប់គ្រងអគ្គីភ័យ ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រព័ន្ធធារាសាស្ត្រ ការបង្កបង្កើនផល ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមភូមិ ឃុំ ស្រុក អគ្គីសនី ទឹកស្អាត អនាម័យ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំផ្សារគំរូ ទីប្រជុំជនស្អាត ភូមិស្អាត និងផ្ទះស្អាត៕
ឯកឧត្តម ថោង ខុន និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៥
