ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន បន្ដចែកពូជស្រូវដល់ពលរដ្ឋ ២,៣៧២គ្រួសារ នៅខេត្តក្រចេះ


(ក្រចេះ)៖ បន្ទាប់ពីបញ្ចប់ការចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យរួចមក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដចុះសំណេះសំណាល និងចែកពូជស្រូវជូនដល់ប្រជាកសិករចំនួន ២,៣៧២គ្រួសារ នៅខេត្តក្រចេះ។

ប្រជាកសិករទាំង ២,៣៧២គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន គ្រាប់ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់ទន្លេមេគង្គ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវ ទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ក្នុងនោះមានមកពីស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕