ក្រុមប្រឹក្សាខេត្តតាកែវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំទី២ អាណត្តិទី៣ នៅស្រុកអង្គរបូរីខេត្តតាកែវ


តាកែវ ៖នាព្រឹកថ្ងៃ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបវិវេណវត្តកំពង់ហ្លួង ស្ថិតនៅក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ​យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក មូល វិចត្រ អភិបាលរងខេត្តតាកែវ លោក​លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកអង្គរបូរី ព្រមទាំងមន្ត្រីរដ្ឋបាលចំណុះរដ្ឋបាលស្រុកអង្គរបូរី មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

​ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នោះ លោក ណុប ឌុល មេឃុំព្រែកផ្ទោល ស្រុកអង្គរបូរី បានសម្ដែងការព្រួយបារម្ភទៅនឹងបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់លោកនៅរដូវវស្សាបើកនេសាទ ដោយលោកបានស្នើឱ្យអាជ្ញាធរខេត្ត រួមនឹងអាជ្ញាធរពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ និងចាត់វិធានការដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យធ្វើការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់នៅក្នុងរដូវបើកឡូតិ៍នេសាទនេះ។ រដូវបើកឡូតិ៍នេសាទនេះទើបតែចាប់ផ្តើមក៏ ប៉ុន្តែយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទបាននាំគ្នាប្រើប្រាស់ឧបករណ៍ខុសច្បាប់ផ្សេងៗ ដែលវាធ្វើឱ្យបាត់បង់ធនធានមច្ឆជាតិ មានត្រី បង្កង ដែលនេះជាបញ្ហាគួរឱ្យព្រួយបារម្ភ។ ដូច្នេះក្នុងនាមអាជ្ញាធរមូលដ្ឋានយើងមានការព្រួយបារម្ភ និងស្នើឱ្យអាជ្ញាធរស្រុក ខេត្ត ជាពិសេសមន្ត្រីជលផល ត្រូវតែចូលរួមដោះស្រាយ និងផ្សព្វផ្សាយដល់ប្រជានេសាទកុំឱ្យប្រើប្រាស់ឧបករណ៍ខុសច្បាប់តទៅទៀត ។

លោក ណុប ឌុល មានប្រសាសន៍បន្តថា ​ក្នុងឆ្នាំនេះទឹកទន្លេឡើងមកយឺតដែលវាធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រី បង្កងជាដើម។ ប្រសិនយើងនាំគ្នាប្រើប្រាស់ឧបករណ៍ខុសច្បាប់ថែមទៀតនោះវានឹងកាន់តែបំផ្លាញធនធានមច្ឆជាតិយើងឱ្យនៅសល់តិចបំផុត ដែលបញ្ហានេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ​មិនអាចទប់ស្កាត់បានទេ គឺទាល់តែអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីរដ្ឋបាលជលផលទើបអាចទប់ស្កាត់បញ្ហាខុសច្បាប់អស់ទាំងនេះបាន។

​ឆ្លើយតបនឹងការលើកឡើងរបស់មេឃុំ​ព្រែកផ្ទោល លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានមានប្រសាសន៍ថា កន្លងមកខាងមន្ទីរក៏បានចាត់ឱ្យមន្ត្រីជលផលចុះធ្វើការផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យប្រើប្រាស់ឧបករណ៍ណាដែលមន្ទីរបានហាមឃាត់ ហើយមន្ត្រីជំនាញជលផលក៏បានចុះរឹបអូសបានឧបករណ៍ខុសច្បាប់មួយចំនួនយកទៅដុតបំផ្លាញចោលផងដែរ។

លោក ញ៉ិប ស៊្រន មានប្រសាសន៍បន្តថា យើងនឹងធ្វើសកម្មភាពទប់ស្កាត់រាល់ការនេសាទណាដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ ព្រោះបើយើងមិនធ្វើការទប់ស្កាត់ទេ វានឹងនាំឱ្យប៉ះពាល់ដល់ធនធានមច្ឆជាតិធ្លាក់ចុះ។ ជាពិសេសនាំឱ្យប៉ះពាលដល់ទិន្នផលបង្កងដែលមានរសជាតិឆ្ងាញ់និងដែលជាអត្តសញ្ញាណសម្រាប់ខេត្តតាកែវ ក្នុងការទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្ត នៅក្នុងខេត្តតាកែវយើងកាន់តែច្រើនឡើង៕