នៅព្រឹកថ្ងៃទី ៣១ មីនា ២០១៧ នៅសណ្ឋាគារ Raffles Hotel Le a Royal ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «កំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា បញ្ហាប្រឈម ដំណោះស្រាយ និងដំណើរការឆ្ពោះទៅមុខ»។ ចូលរួមជាអធិបតីក្នុងសិក្ខាសាលានេះដែរមាន ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ Ruth Stewart ភារៈធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ម៉ៅ ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍អតីតនិស្សិតកម្ពុជាពីអូស្ត្រាលី។
មានប្រសាសន៍ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្មក្រសួងរួចហើយ ដោយផ្អែកលើមូលដ្ឋាន៤គឺ១. គោលនយោបាយគណៈបក្សប្រជាជន ២. យុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី ៣. ប្រសាសន៍ណែនាំផ្ទាល់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ៤. ការស្ទាបស្ទង់នូវអារម្មណ៍របស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថានបានធ្វើការងារជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា៖ ការរៀបចំក្រមបរិស្ថាន ការធ្វើប្រតិភូកម្មការគ្រប់គ្រងសំរាម ទៅថ្នាក់ក្រោមជាតិ ប្រតិភូកម្មការរៀបចំការគ្រប់គ្រងព្រៃឈើ និងតំបន់ការពារធម្មជាតិ ដែលការងារនេះទាមទារឱ្យមានការចូលរួម ការផ្លាស់ប្តូរផ្នត់គំនិតពីប្រជាជន អាជ្ញាធរដែនដី និងដៃគូពាក់ព័ន្ធផ្សេងទៀត។ ជាងនេះទៀត ក្រសួងបរិស្ថានបានគិតគូជាយុទ្ធសាស្រ្តថ្មីៗ ដើម្បីចូលរួមការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយដោយចីរភាពរួមមាន៖ ១. ការរៀបចំតំបន់ការពារឱ្យទៅជាឧទ្យានជាតិ ដែលជាបំណែកមួយនៃជីវិតថ្មីរបស់ប្រជាជន ២. ការលើកស្ទួយជីវភាពសហគមន៍ តាមរយៈការរៀបចំសហគមន៍អេកូទេសចរណ៍ ការចិញ្ចឹមសត្វ ៣. ការលើកកម្ពស់ការយល់ដឹងពីកិច្ចគាំពារបរិស្ថាន តាមរយៈការអប់រំកុមារតូច ដើម្បីប្រែក្លាយផ្នត់គំនិត ឱ្យចេះស្រឡាញ់បរិស្ថាន។
ការលើកស្ទួយជីវភាពសហគមន៍គឺជាយុទ្ធសាស្រ្តថ្មី របស់ក្រសួងបរិស្ថាន និងជាជម្រើសថ្មីសម្រាប់បង្កើនជីវភាពរបស់ប្រជាសហគមន៍ ពីព្រោះទៅថ្ងៃអនាគត ធនធានព្រៃឈើមិនមែនជាជម្រើស សម្រាប់ចំណូលប្រចាំថ្ងៃរបស់ប្រជាជនទៀតទេ ។ ឯកឧត្តមសង្ឃឹមថាការរៀបចំយុទ្ធសាស្ត្រទៅថ្ងៃអនាគតគឺត្រូវពឹងផ្អែកទៅលើ៖ ១. ភាពរស់រវើករបស់ប្រជាជន ២. បេតិកភ័ណ្ឌវប្បធម៌ជាអត្តសញ្ញាណយើង ៣. បរិស្ថានគឺជាអនាគតរបស់យើង។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តល់អនុសាសន៍ថា គួររៀបចំសិក្ខាសាលាបែបនេះទៀត ជាពិសេសនៅតាមសកលវិទ្យាល័យផ្សេងៗ ដោយឆ្លុះបញ្ចាំងពីថតភាពជាក់ស្តែង ការអភិវឌ្ឍន៍ដោយនិរន្តភាព និងភាពឆ្លៀសវៃក្នុងការជ្រើសរើសឧស្សាហកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមជាវាគ្មិន ជជែកពិភាក្សាស្តីពី ស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម ដំណោះស្រាយ ដើម្បីសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា៕